លោកប្រាដឺ ឡរិន(Brother Lawrence ឆ្នាំ១៦១៤-១៦៩១) មានអារម្មណ៍ថា ខ្លួនកំពុងមានភាពជិតស្និទ្ធជាមួយព្រះអម្ចាស់យ៉ាងខ្លាំង ខណៈពេលគាត់កំពុងលាងចានឆ្នាំង ដោយការបន្ទាបខ្លួន នៅក្នុងផ្ទះបាយរបស់ព្រះវិហារ។ ជាការពិតណាស់ លោកប្រាដឺ ឡរិនបានធ្វើកាលវិភាគ សម្រាប់ចំណាយពេលស្ងាត់ស្ងៀមផ្ទាល់ខ្លួនជាមួយព្រះ ដោយការអធិស្ឋានជាទៀងទាត់។ ប៉ុន្តែ គាត់បានរកឃើញថា ជីវិតរបស់គាត់កាន់តែមានការផ្លាស់ប្រែ ពេលគាត់អធិស្ឋាន ក្នុងអំឡុងពេលធ្វើការងារ។ គាត់បាននិពន្ធសៀវភៅមួយក្បាល សម្រាប់ឲ្យគ្រីស្ទបរិស័ទ ចំណាយពេលជាប្រចាំថ្ងៃ ជាមួយព្រះ ដែលសៀវភៅនោះមានចំណងជើងថា ការចំណាយពេលក្នុងព្រះវត្តមានព្រះ ។ ក្នុងសៀវភៅនេះ គាត់មានប្រសាសន៍ថា “វាជាការយល់ច្រឡំដ៏ធ្ងន់ធ្ងរមួយ នៅពេលយើងគិតថា ពេលអធិស្ឋានគួរតែខុសពីពេលដទៃទៀត។ យើងមានកាតព្វកិច្ចចូលទៅរក ព្រះអម្ចាស់ ដោយការអធិស្ឋាន ក្នុងពេលកំពុងធ្វើការងារ ក៏ដូចជានៅពេលអធិស្ឋាន”។ និយាយរួម គាត់កំពុងលើកទឹកចិត្តយើង ឲ្យ“អធិស្ឋានឥតឈប់ឈរ”(១ថែស្សាឡូនីច ៥:១៧)។
នេះជាការក្រើនរំឭកដ៏មានប្រយោជន៍ ពីព្រោះពេលខ្លះ យើងច្រើនតែបែងចែកជីវិតខ្លួនឯង សម្រាប់ធ្វើកិច្ចការផ្សេងៗពីគ្នា។ បានសេចក្តីថា ប្រហែលជាយើងអធិស្ឋាន តែនៅពេលថ្វាយបង្គំព្រះក្នុងព្រះវិហារ នៅពេលសិក្សាព្រះគម្ពីរក្នុងក្រុមកោសិកា នៅក្នុងការថ្វាយបង្គំប្រចាំគ្រួសារ និងនៅក្នុងពេលស្ងាត់ស្ងៀមផ្ទាល់ខ្លួនប៉ុណ្ណោះ។ ចុះក្នុងម៉ោងធ្វើការវិញ តើអ្នកបានអធិស្ឋានឬទេ? ការអធិស្ឋានក្នុងម៉ោងធ្វើការងារ ពុំមានន័យថា យើងត្រូវលុតជង្គង់ចុះ លើកដៃសំពះ ហើយអធិស្ឋានឲ្យឮៗនោះទេ ប៉ុន្តែ មានន័យថា យើងត្រូវទូលសូមឲ្យព្រះជួយយើង នៅក្នុងការសម្រេចចិត្ត និងក្នុងទំនាក់ទំនង ពេលធ្វើការងារ ក្នុងរយៈពេលពេញមួយថ្ងៃៗ។
ទោះជាយើងនៅកន្លែងណា ឬកំពុងតែធ្វើអ្វីក៏ដោយ ក៏ព្រះអម្ចាស់សព្វព្រះទ័យ នឹងមានចំណែកជាមួយយើងជានិច្ច។ ពេលការអធិស្ឋាន មាននៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង នោះព្រះអម្ចាស់នឹងធ្វើការជាច្រើន ដើម្បីសិរីល្អទ្រង់! _Dennis Fisher