ខ្ញុំបានមើលរូបថតមួយសន្លឹកយ៉ាងជក់ចិត្ត ដោយសារក្នុងរូបថតនោះ ខ្ញុំបានឃើញសម្រស់នៃស្មាមប៉ាក់ពណ៌ខ្មៅ ដែលបានរចនា នៅលើផ្ទៃពណ៌ស្វាយ និងផ្ទៃពណ៌ទឹកក្រូចដ៏ស្រទន់។ ការរចនាដ៏លម្អិតនោះ នៅលើផ្ទៃដ៏ផុយស្រួយយ៉ាងដូចនេះ បាននាំឲ្យខ្ញុំសន្និដ្ឋានថា វាជាស្នាដៃរបស់វិចិត្រករដ៏ចំណានម្នាក់។ ទោះយ៉ាងណាក៏ដោយ ពេលដែលខ្ញុំ ពិនិត្យមើលរូបថតនោះកាន់តែជិត ខ្ញុំក៏បានឃើញវិចិត្រកររូបនោះ កំពុងកោតសរសើរស្នាដៃរបស់ខ្លួន ពីជ្រុងម្ខាងរបស់រូបថត។ តាមពិត “វិចិត្រករនោះ” គឺជាសត្វដង្កូវមួយក្បាល ហើយស្នាដៃសិល្បៈរបស់វា គឺជាស្លឹកឈើមួយសន្លឹក ដែលវាបានស៊ីអស់មួយផ្នែក។
រូបភាពនេះមានភាពស្រស់ស្អាត មិនមែនដោយសារការស៊ីបំផ្លាញស្លឹកនោះឡើយ តែដោយសារពន្លឺដែលចាំងតាមប្រហោងស្លឹកទៅវិញទេ។ ពេលខ្ញុំគយគន់រូបថតនោះ ខ្ញុំក៏បានចាប់ផ្តើមគិតដល់ជីវិតទាំងឡាយ ដែលត្រូវ “ដង្កូវ” នៃអំពើបាបស៊ីបំផ្លាញ ដែលនាំឲ្យទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អំពើបាបបានស៊ីបំផ្លាញជីវិតយើងបន្តិចម្តងៗ ពេលដែលយើងទទួលរងផលវិបាក ពីការសម្រេចចិត្តខុស និងការប្រព្រឹត្តផ្សេងៗ។ យើងម្នាក់ៗសុទ្ធតែជាជនរងគ្រោះរបស់អំពើបាប។
ប៉ុន្តែ រូបថតនោះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីសង្ឃឹម ដែលយើងមានក្នុងព្រះ។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់រាស្រ្តអ៊ីស្រាអែល តាមរយៈហោរាយ៉ូអែលថា “អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូចដោយកណ្តូប”(យ៉ូអែល ២:២៥)។ ហើយតាមរយៈហោរាអេសាយ យើងអាចដឹងថា ព្រះអម្ចាស់បានតាំងគាត់ឲ្យ “កម្សាន្តចិត្តពួកអ្នកដែលសោយសោកនៅក្រុងស៊ីយ៉ូន ដើម្បីឲ្យបានភួងលំអជំនួសផែះ”(អេសាយ ៦១:៣)។
សាតាំងធ្វើអ្វីគ្រប់យ៉ាង ដែលវាអាចធ្វើបាន ដើម្បីធ្វើឲ្យយើងមានសណ្ឋានអាក្រក់ ប៉ុន្តែ ព្រះដ៏ជាពន្លឺនៃលោកិយ ទ្រង់អាចធ្វើឲ្យយើងមានភាពស្រស់ស្អាត ទោះជាសាតាំងព្យាយាមយ៉ាងណាក៏ដោយ។ _Julie Ackerman Link