នៅឆ្នាំ២០០៥ ខ្ញុំបានទៅលេងព្រះវិហាររបស់លោកគ្រូគង្វាល អូដលេយ ប្លេក(Audley Black) ដែលមានទីតាំងជិតឆ្នេរសមុទ្រខាងត្បូង នៃប្រទេសចាម៉ៃកា(Jamaica)។ កាលនោះ ពួកគេបានចាប់ផ្តើមកម្មវិធីសង់ពង្រីកកន្លែងថ្វាយបង្គំរបស់ពួកគេ។ ជារៀងរាល់ពេលដែលខ្ញុំបានត្រឡប់ទៅទីនោះវិញ ខ្ញុំបានកត់សម្គាល់ឃើញថា ដំណើរការសាងសង់របស់ពួកគេ មានការរីកចម្រើនទៅមុខបន្តិចម្តងៗ។
ទោះគម្រោងសាងសង់នេះ បានដំណើរការអស់ជាច្រើនឆ្នាំ ទំរាំតែបានចប់សព្វគ្រប់ក៏ដោយ ក៏ពួកគេនៅតែមិនមានការខកចិត្តដែរ! ព្រោះលោកគ្រូគង្វាលប្លេក(Black) និងពួកជំនុំរបស់គាត់មានការអត់ធ្មត់ ចំពោះពេលវេលាដែលព្រះអម្ចាស់បានរៀបចំ ហើយពួកគេមានចិត្តរំភើបរីករាយ ចំពោះការអ្វីដែលទ្រង់កំពុងតែធ្វើ។
ជាញឹកញាប់ យើងច្រើនតែខ្វះការអត់ធ្មត់។ យើងចង់ឲ្យពួកជំនុំរីកលូតលាស់ យ៉ាងឆាប់រហ័ស យើងចង់ឲ្យក្រុមយុវជនរបស់យើង ឆាប់មានភាពពេញវ័យខាងវិញ្ញាណ ហើយយើងចង់ឲ្យបញ្ហាទាំងអស់ ដែលយើងមាន ត្រូវបានដោះស្រាយនៅថ្ងៃនេះតែម្តង។
ប្រហែលជាយើងចាំបាច់ត្រូវចាំថា ក្នុងរឿងខ្លះ យើងត្រូវការពេលវេលា គឺពេលវេលាដែលព្រះបានកំណត់។ ជាតួយ៉ាង នៅពេលដែលពួកសាសន៍អ៊ីស្រាអែលបានចាកចេញពីនគរអេស៊ីព្ទ ព្រះបានដឹកនាំពួកគេទៅកាន់ទឹកដីសន្យា តាមផ្លូវដ៏វែងឆ្ងាយ(និក្ខមនំ ១៣:១៧-១៨)។ ហើយក្នុងពេលនោះ ព្រះអម្ចាស់បានរៀបចំពួកគេ បង្រៀនពួកគេ និងល្បងលពួកគេ។
ក្នុងសម័យជឿនលឿននៃពិភពលោកសព្វថ្ងៃ យើងតែងតែចង់ឲ្យការអ្វីគ្រប់យ៉ាងសម្រេចភ្លាមៗ។ ប៉ុន្តែ ជួនកាល ព្រះអម្ចាស់មិនមានផែនការយ៉ាងដូចនោះឡើយ។ ដូចនេះ ចូរយើងស្វែងរកជំនួយពីព្រះអម្ចាស់ ហើយរៀនសម្របខ្លួនតាមការរៀបចំពេលវេលារបស់ទ្រង់។—Dave Branon