លោកធែននីសិន(Tennyson) ជាកវីនិពន្ធបទកំណាព្យ ដែលមានចំណងជើងថា “ការសម្រុកចូលរបស់កងពលតូច”។ គាត់បានពិពណ៌នា អំពីការដែលទ័ពសេះដ៏អង់អាច កំពុងជិះសេះចូលទៅក្នុង សមរភូមិ ហើយគាត់បានប្រើពាក្យពញ្ញាក់អារម្មណ៍ថា “មានទ័ពប្រាំមួយរយនាក់ កំពុងបំបោលសេះចូល ក្នុងជ្រលងនៃសេចក្តីស្លាប់”។ ឃ្លានេះបានបង្ហាញ អំពីសោកនាដកម្ម ដែលកំពុងរង់ចាំពួកទ័ពសេះមួយកងពលនោះ។
ពេលខ្ញុំកំពុងបម្រើការជាគ្រូគង្វាល មានពេលខ្លះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ពេលបោះជំហានចូលកន្លែងជួបជុំគ្នាក្នុងព្រះវិហារ។ យើងអាចមានការបារម្ភនៅក្នុងចិត្ត ពេលដឹងថា យើងកំពុងដើរចូលកន្លែងដែលមានការប៉ះទង្គិចគ្នា។ ប៉ុន្តែ នៅក្នុងការងារពួកជំនុំ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចដូចនោះឡើយ។
ពេលដែលគ្រូគង្វាលវ័យក្មេងម្នាក់ កំពុងតយុទ្ធនឹងសម្ពាធនៃការងារបម្រើព្រះ សាវ័កប៉ុលបានសរសេរសំបុត្រលើកទឹកចិត្តគាត់ថា “កុំឲ្យព្រមស្តាប់សេចក្តីដេញដោល ចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថាសេចក្តីទាំងនោះនាំឱ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ”(២ធីម៉ូថេ ២:២៣)។ សេចក្តីបង្រៀននេះ គឺសម្រាប់គ្រូគង្វាល ក៏ដូចជាសមាជិកពួកជំនុំផងដែរ។ ពេលយើងសម្តែងចេញនូវអាកប្បកិរិយ៉ាល្អ ក្នុងពេលប៉ះទង្គិចគ្នា ភាពតានតឹងនៃការប្រឈមមុខដាក់គ្នា ក៏មានការថយចុះផងដែរ តែបើយើងមានទង្វើរ និងពាក្យសម្តីដ៏ល្ងង់ខ្លៅ នោះការប៉ះទង្គិចគ្នានឹងមានសភាពកាន់តែធ្ងន់ឡើង។ យើងអាចធ្វើជាគំរូដ៏ល្អ តាមសេចក្តីបង្រៀនក្នុងព្រះគម្ពីរ ដើម្បីជៀសវាង គ្រប់គ្រង និងដោះស្រាយបញ្ហាជម្លោះ។ ខ.២៤-២៥ បានលើកទឹកចិត្តយើង ឱ្យមានចិត្តសប្បុរស អត់ធ្មត និងបន្ទាបខ្លួនក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។
គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី សម្រាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង”(យ៉ាកុប ៣:១៨)។ ការ បំពេញតួនាទីជាអ្នកផ្សៈផ្សា អាចកាត់បន្ថយអារម្មណ៍ភ័យខ្លាច ដែលកើតឡើងពីការប៉ះទង្គិចគ្នា។ —Bill Crowder