ក្នុងអំឡុងពេលបម្រើការ ជាអ្នកផ្សាយព្រះបន្ទូលក្នុងជួរទ័ព នៅបន្ទាយ YMCA ក្នុងប្រទេសអេស៊ីព្ទ លោកអូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់បានធ្វើឲ្យប៉ះពាល់ចិត្តទាហានជាច្រើន ដែលក្រោយមក ពួកគេបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោកឆាមប័របានកត់ចុះក្នុងសៀវភៅកំណត់ហេតុថា “យើងទទួលសំបុត្រមួយច្បាប់ ពីមិត្តភ័ក្តម្នាក់ ដែលជាជនជាតិញូហ្សៀឡិន។ គាត់បានប្រាប់ថា លោក ធេដ ស្ត្រែក(Ted Strack)បានពលីជីវិតហើយ។ ដូចនេះ លោក ធេដ ស្ត្រែកបានទៅនៅជាមួយព្រះយេស៊ូវហើយ។” គាត់បានរៀបរាប់ទៀតថា … លោកធេដ មានរូបសម្បត្តិ និងអត្តចរិតល្អ និងជាពួកបរិសុទ្ធដ៏តូចម្នាក់ ដែលមានចិត្តក្លាហាន គួរជាទីរាប់អាន។ សូមអរគុណព្រះអម្ចាស់ ដែលនៅនឹកចាំពីគាត់ … ពួកគេកំពុងទៅជួបជុំគ្នានៅនគរស្ថានសួគ៌ម្តងមួយៗ”។
ពេលយើងកំពុងកើតទុក្ខចំពោះការស្លាប់របស់អ្នកជាទីស្រឡាញ់ នោះយើងត្រូវប្រកាន់ខ្ផាប់តាមបន្ទូលសន្យារបស់ព្រះយេស៊ូវ អំពីជីវិតអស់កល្បជានិច្ច។ ក័ណ្ឌគម្ពីរវិវរណៈបានកត់ត្រាថា ព្រះបានបើកសម្តែង ឲ្យលោកយ៉ូហានឃើញមនុស្សមួយហ្វូងយ៉ាងធំ គេមកពីគ្រប់សាសន៍ គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅជុំវិញបល័ង្ករបស់ព្រះអម្ចាស់(៧:៩)។ បទគម្ពីរនេះបានពិពណ៌នាអំពីការជួបជុំគ្នាដ៏មានអំណរអស់កល្ប ដែលនឹងកើតមានជាពិត ពេលដែល“កូនចៀមដែលនៅកណ្តាលបល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ឋទឹកនៃជីវិត (៧:១៧)។
មរណៈភាពនៃអ្នកជឿម្នាក់ៗ នៅក្នុងព្រះគ្រីស្ទ គឺជាការប្រាប់ទុកជាមុន អំពីថ្ងៃដែលយើងនឹងចូលរួមជាមួយពួកគេ នៅក្នុងការជួបជុំជាមួយព្រះអម្ចាស់នៅនគរស្ថានសួគ៌។ បើថ្ងៃនេះយើងមានសេចក្តីទុក្ខ នោះសូមយើងមានសង្ឃឹមឡើង ដោយដឹងថា “គ្រីស្ទបរិស័ទកំពុងទៅជួបជុំគ្នានៅនគរស្ថានសួគ៌ម្តងមួយៗ”។—David McCasland