ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ កាលខ្ញុំនៅក្មេង ផ្ទះរបស់ខ្ញុំមានពេលដោយសេចក្តីស្រឡាញ់ និងក្តីអំណរ ប៉ុន្តែ ឪពុកម្តាយរបស់ខ្ញុំច្រើនតែមិននៅផ្ទះ។ ពេលពួកគាត់មិនមានវត្តមានក្នុងផ្ទះ ខ្ញុំទទួលបានភាពកក់ក្តៅបំផុត ពីផ្ទះបាយ និងពីអ្នកមើលថែផ្ទះរបស់យើង ឈ្មោះអាន្នី ដែលជាមនុស្សរស់រាយ មានមាឌល្អិត។
ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ជាមួយអ្នកមីង អាន្នី ដោយអង្គុយនៅនឹងតុ ក្នុងផ្ទះបាយអានសៀវភៅ ឬលេងឧបករណ៍ក្មេងលេង និងស្តាប់គាត់ច្រៀង បទចម្រៀងគ្រីស្ទបរិស័ទ និងបទទំនុកតម្កើង ដែលជួនកាលគាត់ច្រៀងតិចៗយ៉ាងពិរស។ ដួងចិត្តរបស់គាត់បានបង្ហូរចេញនូវប្រាជ្ញា ភាពរីករាយ និងបទចំរៀង ដែលមិនចេះដាច់។
នាពេលព្រឹកថ្ងៃមួយ ក្នុងនាមជាក្មេងរពឹសហួសហេតុ ខ្ញុំបានប្រើពាក្យរើសអើងពូជសាសន៍មិនគប្បី ដែលខ្ញុំធ្លាប់ឮគេនិយាយ។ គាត់ក៏និយាយមកកាន់ខ្ញុំថា “អូ ក្មួយមីង កុំប្រើពាក្យហ្នឹង មិនល្អទេ”។ បន្ទាប់មក គាត់ក៏បានណែនាំខ្ញុំ ដោយសុភាព អំពីផលអាក្រក់ និងការឈឺចាប់ ដែលអាចកើតឡើងពីពាក្យដែលខ្ញុំបាននិយាយនោះ ហើយទន្ទឹមនឹងនោះ កែវភ្នែកគាត់ក៏បានបង្ហាញពីការមិនសប្បាយចិត្តសោះ។ ក្រោយមក ខ្ញុំមិនដែលប្រើពាក្យនោះទៀតទេ។ ការនេះបានបង្រៀនខ្ញុំថា ពេលណាយើងបន្ទាបបន្ថោកអ្នកដទៃ ដោយសារយើងយល់ខុស ពេលនោះគេអាចមានអារម្មណ៍ឈឺចាប់ឥតឧបម៉ា។ ព្រះបានបង្កើតមនុស្សម្នាក់ៗមក ឱ្យដូចនឹងរូបអង្គទ្រង់ ដូចនេះ យើងមានលក្ខណៈដូចព្រះ ជាងស្នាព្រះហស្ថដទៃទៀត ហើយមនុស្សម្នាក់ៗសមនឹងទទួលការគោរពឲ្យតម្លៃ។ ការដៀលត្មេះដល់រូបដែលព្រះបង្កើតនោះ គឺជាការបង្ករឲ្យមានរបួសយ៉ាងជ្រៅបំផុត ដល់មនុស្សជាតិដទៃទៀត។
មនុស្សមានពូជសាសន៍តែមួយប៉ុណ្ណោះ ដែលយើងហៅថា មនុស្សជាតិ។ គឺដូចដែលមានសេចក្តីចែងថា ព្រះទ្រង់ “បានបង្កើតមនុស្សគ្រប់សាសន៍ ពីឈាមតែមួយឱ្យបាននៅពេញពាសនៅផែនដី”(កិច្ចការ ១៧:២៦)។ យើងជាគ្រួសារតែមួយ ដែលទ្រង់បង្កើតមក ជាកំណប់ទ្រព្យមានតម្លៃ និងជាទីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ –David Roper