ការប្រកួតជម្រើសជើងឯកម៉ាស្ទ័រ ស្ថិតក្នុងចំណោមការប្រកួតដ៏មានកិត្យានុភាពបំផុតរបស់កីឡាវាយកូនហ្គោលជាលក្ខណៈអាជីព។ នៅឆ្នាំ ២០០៩ លោកកេននី ភ័ររី(Kenny Perry) បានទទួលលំដាប់ថ្នាក់ទីពីរ បន្ទាប់បាននាំមុខគេ នៅក្នុងជុំចុងក្រោយ។ ក្នុងការសែត New York Time លោកបីល ផិននីងតុន(Bill Pennington) បានពណ៌នាថា លោកភ័ររី “បានខកចិត្ត តែមិនអស់សង្ឃឹម ឬបាក់ទឹកចិត្តឡើយ” បន្ទាប់ពីបានចាញ់ការប្រកួតនោះ។ លោកភ័ររីបាននិយាយថា “ខ្ញុំនឹងក្រឡេចមកមើលរឿងនេះឡើងវិញ ម្តងម្កាល ហើយសួរខ្លួនឯងថា តើមានអ្វីខ្លះដែលខ្ញុំអាចធ្វើ តាមរបៀបផ្សេង ដើម្បីទទួលជោគជ័យ នៅពេលប្រកួតលើកនោះ តែខ្ញុំនឹងមិនឲ្យរឿងនោះដក់ជាប់ក្នុងចិត្តខ្ញុំជារហូតឡើយ។ ប្រសិនបើនេះជារឿងដ៏អាក្រក់បំផុត ដែលបានកើតឡើង ក្នុងជីវិតខ្ញុំ នោះវាជាមេរៀនដ៏ល្អគួសមមួយសម្រាប់ខ្ញុំ។ ខ្ញុំនឹងមិនឱ្យបញ្ហានេះតាមរំខានខ្ញុំឡើយ។ ក្នុងមួយជីវិតនេះ មានការជាច្រើនទៀត ដែលសំខាន់ជាងបញ្ហាមួយនេះ…ដូចនេះ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញនៅយប់នេះ ជាមួយនឹងគ្រួសារខ្ញុំ ហើយយើងនឹងធ្វើអ្វីដែលនាំឲ្យសប្បាយចិត្តវិញ”។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងចាំបាច់ត្រូវមានសមត្ថភាពរៀនសូត្រពីការខកចិត្ត។ ការផ្ចង់ចិត្តរបស់យើង គឺជាកក្តាកំណត់នៃរបៀបដែលយើងប្រឈមមុខនឹងជ័យជម្នះ និងបរាជ័យក្នុងជីវិត។ គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ ចូរផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ”(កូល៉ុស ៣:១-២)។ ដូចនេះ យើងត្រូវផ្ចង់ចិត្តទៅលើព្រះគ្រីស្ទ ជាជាងផ្ចង់ចិត្តទៅលើជ័យជម្នះរបស់ខ្លួន ដើម្បីមើលឲ្យដឹងថា ខ្លួនឯងមានតម្លៃ និងប្រយោជន៍យ៉ាងណា។ យើងស្វែងរកទ្រង់ គឺមិនមែនស្វែងរកជ័យជម្នះទេ។
កាលណាយើងខិតខំធ្វើកិច្ចការអ្វីមួយ ឲ្យបានល្អប្រសើរ ហើយបានប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព នោះយើងនឹងមានការឈឺចិត្ត ពេលយើងទទួលបរាជ័យ តែយើងមិនចាំបាច់ត្រូវរបួសចិត្ត ដោយសារបរាជ័យនោះឡើយ។ គន្លឹះគឺស្ថិតនៅត្រង់ ថាតើយើងផ្តោតចិត្ត និងគំនិតទៅលើអ្វី ឬទៅលើនរណា?-David McCasland