ខណៈពេលដែលដូឡ័រ(Dolors) កំពុងបើកបររថយន្ត នៅតាមផ្លូវជនបទមួយ នាងក៏បានកត់សំគាល់ថា មានឡានមួយគ្រឿង កំពុងបើកពីខាងក្រោយឡាននាងយ៉ាងគៀក។ នាងស្ទើរតែអាចដឹងថា អ្នកបើកបរនោះកំពុងធុញទ្រាន់នឹងការបើកបររបស់នាង ស្របពេលដែលនាងកំពុងបើកបរយ៉ាងប្រុងប្រយ័ត្ន និងខំងាករកមើលផ្លូវ មុននឹងបត់ឡានយឺតៗ តាមផ្លូវបត់ ដែលមានបួនប្រាំកន្លែង។
ជាការពិតណាស់ អ្នកបើកបរនោះមិនបានដឹងទេថា ដូឡ័រកំពុងដឹកដំឡូងបារំាងកិនប្រហែល៤៥គីឡូ និងទឹកសម្លសម្រាប់ស្រូបពីរឆ្នាំ ព្រមទាំងអាហារជាច្រើនមុខទៀត សម្រាប់កម្មវិធីបរិភោគអាហារពេលយប់ នៅព្រះវិហារ ដែលល្មមនឹងអាចឲ្យមនុស្ស២០០នាក់បរិភោគជុំគ្នាបាន! ពេលដូឡ័រដឹងថា អ្នកបើកបរនោះកំពុងមានអារម្មណ៍នឿយណាយ នាងក៏គិតថា បើសិនជាគាត់គ្រាន់តែបានដឹងថា ឡានរបស់ខ្ញុំកំពុងដឹករបស់ផុយស្រួល នោះគាត់នឹងដឹងពី មូលហេតុដែលខ្ញុំបើកបរយឺតៗដូចនេះ។
រំពេចនោះ មានគំនិតមួយទៀតបានលេចឡើងនៅក្នុងចិត្តនាងថា “តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំខ្វះការអត់ធ្មត់ ចំពោះអ្នកដែលកំពុងទទួលបន្ទុកដ៏ផុយស្រួយ ដោយមិនបានដឹងអំពីការលំបាករបស់ពួកគេ?”
តើយើងងាយនឹងធ្វើការសន្និដ្ឋានអំពីអ្នកដទៃ ដោយយល់ថា ខ្លួនបានដឹងអំពីការពិតគ្រប់យ៉ាង ដែលមានក្នុងស្ថានភាពរបស់ពួកគេឬ? ព្រះបន្ទូលរបស់ព្រះដឹកនាំយើង ឲ្យទៅតាមទិសដៅ ដែលមានចិត្តសប្បុរស ដោយបង្រៀនយើង ឲ្យប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដោយចិត្តសប្បុរស ការបន្ទាបខ្លួន និងការអត់ធ្មត់(កូល៉ុស ៣:១២)។ ពេលដែលយើងទ្រាំទ្រគ្នា និងអត់ទោសឲ្យគ្នា នោះយើងកំពុងតែមានសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះគ្នា(ខ.១៣)។
ចូរយើងប្រព្រឹត្តចំពោះអ្នកដទៃ តាមបែបយ៉ាងណា ដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើងវិញ(លូកា ៦:៣១) ដោយចាំថា យើងមិនតែងតែអាចដឹងថា ពួកគេកំពុងមានបន្ទុកអ្វីខ្លះឡើយ។-Cindy Hess Kasper