សេចក្តីអធិស្ឋានដែលព្រះមិនឆ្លើយតប ស្ថិតក្នុងចំណោមការពិបាកបំផុត ដែលខ្ញុំបានជួបប្រទះ។ អ្នកក៏ប្រហែលជាមានបញ្ហាដូចនេះផងដែរ។ ពេលអ្នកទូលសូមឲ្យព្រះជួយរំដោះមិត្តភ័ក្ររបស់អ្នកម្នាក់ ឲ្យរួចពីការញៀនថ្នាំ ឬសូមឲ្យទ្រង់ប្រទានសេចក្តីសង្រ្គោះដល់អ្នកជាទីស្រឡាញ់ណាម្នាក់ ឬក៏សូមឲ្យទ្រង់ប្រោសក្មេងម្នាក់ឲ្យជា ឬមួយសូមឲ្យទ្រង់ជួសជុលទំនាក់ទំនងណាមួយ ដែលបែកបាក់ជាដើម។ អ្នកយល់ថា ខ្លួនបានទូលសូមតាមបំណងព្រះហឫទ័យព្រះហើយ។ តែបន្ទាប់ពីបានអធិស្ឋានអស់ជាច្រើនឆ្នាំ នៅតែមិនបានការឆ្លើយតប ឬលទ្ធផលពីទ្រង់។
អ្នកបានរំឭកថា ព្រះអម្ចាស់ទ្រង់មានអំណាចចេស្តា។ ការទូលសូមរបស់អ្នក គឺសុទ្ធតែជាការល្អ។ អ្នកបានទូលអង្វរ ហើយអ្នកក៏រង់ចំាទ្រង់ឆ្លើយតប តែអ្នកសង្ស័យថា ទ្រង់ប្រហែលជាមិនបានស្តាប់ឮអ្នក ឬទ្រង់ប្រហែលជាគ្មានអំណាចចេស្តាទេ។ អ្នកក៏ឈប់អធិស្ឋានទូលសូម អស់ជាច្រើនថ្ងៃ ឬច្រើនឆ្នាំ។ អ្នកមានអារម្មណ៍ថា ការសង្ស័យនោះ បានធ្វើឲ្យអ្នកមានបាបហើយ។ អ្នកចាំថា ព្រះសព្វព្រះទ័យនឹងឲ្យអ្នកទូលទ្រង់ អំពីសេចក្តីត្រូវការរបស់អ្នក ហើយអ្នកក៏ទូលសូមទ្រង់ម្តងទៀត។
ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា យើងកំពុងតែមានលក្ខណៈដូចស្រ្តីមេម៉ាយ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងបទគម្ពីរលូកា ១៨។ នាងបានមកនិយាយនឹងចៅក្រម ម្តងហើយម្តងទៀត ដើម្បីសុំឲ្យគាត់ជួយ និងធ្វើឲ្យគាត់លែងមានចិត្តរឹង ហើយព្រមធ្វើតាមការអង្វររបស់នាង។ ប៉ុន្តែ យើងដឹងថា ព្រះទ្រង់មានចិត្តសប្បុរសជាង ហើយមានអំណាចខ្លាំងជាងចៅក្រម នៅក្នុងរឿងប្រៀបប្រដូចនោះទៅទៀត។ យើងទុកចិត្តទ្រង់ ដ្បិតទ្រង់ល្អ និងមានប្រាជ្ញា ហើយមានអំណាចគ្រប់គ្រង់លើទាំងអស់។ យើងចាំថា ព្រះយេស៊ូវបានមានបន្ទូលថា យើង“ត្រូវអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ”(ខ.១)។
ដូចនេះ យើងក៏ទូលទ្រង់ថា “សូមទ្រង់ប្រទានកំឡាំងដល់ទូលបង្គំ ឱព្រះអង្គអើយ សូមចំរើនកំឡាំង ចំពោះអស់ទាំងការ ដែលទ្រង់បានប្រោសដល់យើងខ្ញុំផង”(ទំនុកតម្កើង ៦៨:២៨)។ បន្ទាប់មក យើងទុកចិត្តទ្រង់ …ហើយរង់ចាំទ្រង់ឆ្លើយតប។-Anne Cetas