ពេលខ្ញុំចាប់កំណើត តាទួតរបស់ខ្ញុំ គឺលោកអាប់រ៉ាម ហ្ស៊ី ហេស(Abram Z. Hess) មើលលែងឃើញទៅហើយ។ គាត់មានឈ្មោះល្បី ដោយសារគាត់បានចេះឆ្លាក់រូបពីឈើយ៉ាងស្រស់ស្អាត ដោយប្រើម៉ាស៊ីនក្រឡឹង និងដោយសារគាត់អាចចាំបទគម្ពីរជាច្រើនខ។ ជាញឹកញាប់គាត់ និងមិត្តភ័ក្ររបស់គាត់ គឺលោកអេលី(Eli) បានចែកចាយខគម្ពីរឲ្យគ្នា ទៅវិញទៅមក។ វិញ្ញាណប្រកួតប្រជែងគ្នាបន្តិចបន្តួចនេះ បាននាំឲ្យពួកគាត់ទទួលស្គាល់ថា លោក អេលីអាចដកស្រង់ ខគម្ពីរយោងបានច្រើនជាង ចំណែកឯជីតារបស់ខ្ញុំវិញ គាត់អាច សូត្រ ខគម្ពីរបានច្រើនជាង។
សព្វថ្ងៃនេះ គ្រួសាររបស់ខ្ញុំច្រើនតែចាំថា ជីតាអាប់រ៉ាម គឺជា “ជីតាពិការភ្នែក”។ ពេលភ្នែករបស់គាត់ពិការលែងមើលអ្វីឃើញទៀត ខគម្ពីរដែលគាត់បានទន្ទេញចាំនោះ គឺជាជំនួយប្រចាំជីវិតរបស់គាត់។ ប៉ុន្តែ តើហេតុអ្វីបានជាយើងចាំបាច់ត្រូវទន្ទេញព្រះបន្ទូលព្រះឲ្យចាំ?
បទគម្ពីរទំនុកតម្កើង ជំពូក១១៩ បានបង្រៀនយើងអំពីរបៀបដើរតាមព្រះ ដោយកំណត់ចាំព្រះបន្ទូលទ្រង់ នៅក្នុងចិត្តរបស់យើង។ ទីមួយ : ពេលយើងកំណត់ចាំព្រះបន្ទូលទ្រង់ យើងអាចការពារខ្លួន ពេលយើងជួបការល្បួង(ខ.១១ អេភេសូ ៦:១៧)។ ទីពីរ : ពេលយើងជញ្ជឹងគិតព្រះបន្ទូលទ្រង់ យើងស្គាល់ទ្រង់កាន់តែច្បាស់ឡើង។ ទីបី : ពេលយើងមានព្រះបន្ទូលទ្រង់ ចារទុកនៅក្នុងគំនិតរបស់យើង នោះយើងកាន់តែងាយស្តាប់ឮព្រះសូរសៀងទ្រង់ ពេលទ្រង់បង្រៀន និងនាំផ្លូវយើង។ យើងប្រើពាក្យពេចន៍នៃព្រះគម្ពីរទាំងនោះ ពេលយើងសន្ទនាជាមួយទ្រង់ ថ្វាយបង្គំទ្រង់ និងបង្រៀន ឬធ្វើបន្ទាល់ប្រាប់អ្នកដទៃ(កូល៉ុស ៣:១៦)។
ព្រះបន្ទូលព្រះ គឺជា “ព្រះបន្ទូលដ៏រស់ និងមានអំណាច”(ហេព្រើ ៤:១២)។ ចូរកំណត់ចាំព្រះបន្ទូលដ៏មានតម្លៃ នៅក្នុង “ចិត្តរបស់អ្នក”(ទំនុកតម្កើង ១១៩:១១) ដើម្បីឲ្យព្រះបន្ទូលទ្រង់ នៅជាប់ជាមួយនឹងអ្នកជានិច្ច(ទំនុកតម្កើង ១១៩:១១)។-Cindy Hess Kasper