លោកអេឌ ដប់សិន(Ed Dobson) គឺជាគ្រូគង្វាលរបស់ខ្ញុំកាលពីមុន។ ជាញឹកញាប់ គាត់បានមានប្រសាសន៍ថា គាត់មិនចូលចិត្តអធិប្បាយអំពីការថ្វាយដង្វាយដល់ព្រះវិហារឡើយ។ គាត់ថា ការងារដែលគាត់ធ្លាប់ធ្វើកាលពីមុន គឺមានការរៃអង្គាសប្រាក់ដង្វាយ ដូចនេះគាត់មិនចូលចិត្តដាក់បន្ទុកមកលើនរណាម្នាក់ឡើយ បើសិនជាគ្មានការចាំបាច់ទេនោះ។ ប៉ុន្តែ ពេលគាត់បង្រៀនព្រះបន្ទូល ក្នុងព្រះគម្ពីរកូរិនថូស ខ្សែទី២ ហើយចូលដល់ជំពូក៨ និង៩ គាត់នៅតែមិនអាចជៀសផុតពីការបង្រៀនអំពីការថ្វាយដង្វាយដដែល។
ការអធិប្បាយរបស់គាត់ មានចំណុចល្អៗជាច្រើនដែលក្នុងនោះ ចំណុចមួយដែលខ្ញុំនៅចាំជាងគេ គឺវិធីសាស្រ្តពន្យល់ដែលគាត់បានប្រើ ដើម្បីធ្វើឲ្យយើងងាយយល់។ ពេលនោះ គាត់បានដាក់ថាសដង្វាយនៅលើកម្រាលឥដ្ឋ ហើយក៏ឈរពីលើវា រួចអធិប្បាយព្រះបន្ទូល អំពីសារៈសំខាន់នៃការថ្វាយខ្លួនយើងដាច់ដល់ព្រះអម្ចាស់ គឺមិនមែនគ្រាន់តែថ្វាយប្រាក់ពីក្នុងកាបូបលុយរបស់យើងឡើយ។
បទគម្ពីរទាំង២ជំពូក ក្នុងសំបុត្រទី២ ដែលសាវ័កប៉ុលបានផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូស បានបង្រៀនយើងអំពីកិរិយា និងការប្រតិបត្តិដែលយើងត្រូវមាន នៅក្នុងការថ្វាយដង្វាយដល់ព្រះអម្ចាស់ ដែលមានដូចជា:
- ចូរថ្វាយខ្លួនទៅដល់ព្រះអម្ចាស់ ជាមុនសិន(៨:៥)។
- ចូរដាក់ដង្វាយឲ្យអ្នកដទៃ ដើម្បីយកគំរូតាមព្រះអម្ចាស់យេស៊ូវ(៨:៩)។
- ចូរថ្វាយ តាមអ្វីដែលមាន(៨:១១-១២)
- ចូរថ្វាយដោយចិត្តក្លៀវក្លា ដោយសារសេចក្តីស្រឡាញ់នៃព្រះ(៩:២)
- ចូរថ្វាយដោយចិត្តសប្បុរស មិនមែនដោយស្តាយ ឬដោយសារសំពាធពីខាងក្រៅឡើយ(៩:៥-៧)។
ដូចនេះ នៅសប្តាហ៍ក្រោយ ពេលគេហុចថង់ ឬថាសដង្វាយតគ្នា នៅក្នុងព្រះវិហារ នោះសូមស្រម៉ៃថា ខ្លួនអ្នកបានដើរចូលក្នុងថង់ ឬថាសដង្វាយនោះហើយ។ ការនេះនឹងជួយឲ្យអ្នកបានចម្រើនកាន់តែខ្លាំងខាងឯព្រះគុណ នៅក្នុងការថ្វាយដង្វាយ(៨:៧)។—Anne Cetas