ក្នុងការប្រជុំពេលព្រឹក ដែលខ្ញុំបានចូលរួមពេលថ្មីៗនេះ អ្នករៀបចំការជួបជុំ បានអធិស្ឋានបើក យ៉ាងដូចនេះថា “ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ សម្រាប់ថ្ងៃនេះ។ នេះជាពេលចាប់ផ្តើមនៃថ្ងៃថ្មីមួយទៀត ដែលយើងខ្ញុំទើបតែបានឃើញ”។ ទោះបីជាពាក្យអធិស្ឋានរបស់គាត់ត្រង់ចំណុចនេះ ហាក់ដូចជាងាយស្រួលយល់ក៏ដោយ ក៏សេចក្តីអធិស្ឋាននេះបានធ្វើឲ្យខ្ញុំគិតដល់ចំណុចខុសៗគ្នាមួយចំនួន។ ទីមួយ : ដោយសារថ្ងៃនីមួយៗ ជាថ្ងៃថ្មី ហើយជាឱកាសថ្មី នោះនៅក្នុងថ្ងៃនីមួយៗ មានការជាច្រើន ដែលយើងមិនអាចរំពឹងទុកជាមុន ឬមិនបានត្រៀមខ្លួនទុកជាមុន។ ដូចនេះ យើងចាំបាច់ត្រូវទទួលស្គាល់ថា សមត្ថភាពយើងមានកំណត់ ហើយត្រូវពឹងផ្អែកលើព្រះទាំងស្រុង ដោយសម្រេចចិត្តរស់នៅ ក្នុងព្រះគុណ និងកម្លាំងរបស់ទ្រង់ ជាជាងពឹងផ្អែកលើធនធានរបស់យើង។
ទីពីរ : ថ្ងៃនីមួយៗជាថ្ងៃថ្មី ហើយក៏ជាអំណោយ ដែលគួរឲ្យយើងអរសប្បាយផងដែរ។ ប្រហែលមកពីហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានប្រកាសឡើងថា “ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក(ឬបង្កើត) នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង”(ទំនុកដំកើង ១១៨:២៤)។
ជាការពិតណាស់ នៅថ្ងៃនេះ មានការជាច្រើនដែលយើងមិនធ្លាប់បានប្រទះពីមុនមកហើយមានការខ្លះក៏អាចធ្វើឲ្យយើងមានការពិបាកផងដែរ។ ប៉ុន្តែ ថ្ងៃថ្មីនីមួយៗសុទ្ធតែមានតម្លៃដ៏ពិសេស បានជាលោកម៉ូសេបានសរសេរនៅក្នុងបទគម្ពីរថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ទំនុកដំកើង ៩០:១២)។
ថ្ងៃថ្មីនីមួយៗ គឺជាអំណោយដ៏មានតម្លៃ។ សូមយើងទទួលគ្នាទៅវិញទៅមក ដោយអរព្រះគុណព្រះ ដោយទុកចិត្តគ្នាទៅវិញទៅមក ដោយការអបអរសាទរ និងដោយការបន្ទាបខ្លួន។
—Bill Crowder