មានពេលមួយយើងបានធ្វើដំណើរ ទៅសួរសុខទុក្ខកុមារពិការផ្លូវកាយ និងផ្លូវចិត្ត នៅក្នុងមជ្ឈមណ្ឌលមួយ ក្នុងក្រុងខូបស៍(Copse) ប្រទេសចាម៉ៃកា(Jamaica)។ ពេលយើងចេញពីឡានក្រុង ចូលទៅក្នុងផ្ទះនោះ ខ្ញុំមិនបានរំពឹងថា បានជួបកីឡាករបាល់ទាត់ណាម្នាក់ឡើយ។ ខណៈពេលដែលក្រុមចម្រៀងក្មេងជំទង់ និងអ្នកមើលខុសត្រូវយុវជនដទៃទៀតបានបំបែកជួរ ហើយបានដើរទៅរកក្មេងៗដើម្បីឱប ដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងលេងជាមួយពួកគេ ខ្ញុំក៏បានជួបយុវជនម្នាក់ឈ្មោះវីលាម(William)។
កាលនោះ ខ្ញុំមិនបានដឹងច្បាស់ថា គ្រូពេទ្យបានរកឃើញថា វីលាមមានជម្ងឺអ្វីទេ ប៉ុន្តែ មើលទៅគាត់ ហាក់ដូចជាកំពុងមានជម្ងឺពិការផ្នែកសតិបញ្ញា។ មុននោះ ខ្ញុំបានយកបាល់ទាត់មួយចេញពីក្នុងឡានក្រុង ដូចនេះ ខ្ញុំក៏បានបោះបាល់នោះទៅវីលាមថ្មមៗ តែគាត់ចាប់មិនជាប់ ហើយបាល់ក៏ធ្លាក់ទៅដី។
ប៉ុន្តែ ពេលដែលខ្ញុំរើសបាល់នោះឡើង ហើយដាក់វានៅក្នុងដៃរបស់គាត់ គាត់ក៏បានកាន់វាយឺតៗ រហូតដល់ពេលដែលគាត់ត្រូវចិត្ត។ បន្ទាប់មក វីលាមក៏បានផ្អែកទៅលើជញ្ជាំងរបង ដើម្បីទប់ខ្លួនឲ្យនឹង រួចក៏បានបោះបាល់នោះមកខ្ញុំ ដោយបង្វិលបាល់យ៉ាងល្អឥតខ្ចោះ។ យើងក៏បានលេងបោះបាល់ទៅវិញទៅមក អស់រយៈពេល៤៥នាទី។ នៅថ្ងៃនោះ គាត់បានធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ហើយខ្ញុំជឿជាក់ថា ខ្ញុំក៏បានធ្វើឲ្យគាត់ប៉ះពាល់ចិត្តផងដែរ។ គាត់បានធ្វើឲ្យខ្ញុំរៀនបានថា យើងគ្រប់គ្នាសុទ្ធតែមានភាពចាំបាច់ នៅក្នុងរូបកាយនៃព្រះគ្រីស្ទ ដែលជាពួកជំនុំ(១កូរិនថូស ១២:២០-២៥)។
ជាញឹកញាប់ មនុស្សយើងច្រើនតែបដិសេធអ្នកណាដែលមានភាពខុសប្លែកពីខ្លួន។ ប៉ុន្តែ អ្វីដែលយើងអាចរៀនសូត្របានពីវីលាមនោះ គឺថា សេចក្តីអំណរអាចកើតមាន ពេលដែលយើងទទួលអ្នកដទៃ និងឆ្លើយតបចំពោះគេ ដោយចិត្តអាណិតអាសូរ។ តើនៅក្នុងជីវិតរបស់អ្នក មានមនុស្សដូចជាវីលាម ដែលត្រូវការការរាប់អានពីអ្នកឬទេ?—Dave Branon