គេប្រើពាក្យថា “វីដេអូរាលដាល”(ឬ viral video) សំដៅទៅលើវីដេអូឃ្លីបខ្លីៗ ដែលគេបានផ្សព្វផ្សាយ ក្នុងអ៊ីនធ័រណិត ដែលមានការរីករាលដាលយ៉ាងលឿន ពេលដែលគេចែកផ្សាយលីង(ឬបណ្តាញ)របស់វា តគ្នាពីមួយទៅមួយ។ វីដេអូនេះអាចមានលក្ខណៈកំប្លែង ឬមានការលើកទឹកចិត្ត ឬក៏មានការបណ្តាលចិត្ត ហើយវាអាចរីករាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស ហើយមានមនុស្សរាប់លាននាក់បានទស្សនាវា។ ការរីករាលដាលដ៏ឆាប់រហ័សនេះ គឺជាក្តីស្រម៉ៃរបស់អ្នកផ្សាយពាណិជ្ជកម្ម ប៉ុន្តែ អ្នកជំនាញផ្នែកទីផ្សា អាចទាញយកប្រយោជន៍ពីវាបាន។ អ្នកស្រីលេស៊ី ខេមផ៍(Lacy Kemp) បានសរសេរនៅលើគេហទំព័រ realnetworksblog.com ថា “តើធ្វើដូចម្តេចឲ្យអ្នកអាចធ្វើឲ្យអ្វីមួយ មានការរាលដាលដូចភ្លើងឆេះព្រៃបាន? ចម្លើយនោះគឺ អ្នកមិនអាចធ្វើដូចនោះបានទេ។ អ្វីដែលអ្នកចង់ធ្វើឲ្យរាលដាលនោះ ត្រូវតែមានលក្ខណៈដែលអស្ចារ្យល្មមនឹងអាចរាលដាល ដូចភ្លើងឆេះព្រៃបាន”។
យ៉ាងណាមិញ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ “មានភាពរាលដាល” តាមរយៈការចែកផ្សាយបន្តពីមនុស្សម្នាក់ទៅម្នាក់ទៀត។ បន្ទាប់ពីលោកស្ទេផាន ដែលជាអ្នកដឹកនាំក្នុងពួកជំនុំដំបូង ត្រូវគេចោលនឹងថ្មសម្លាប់ ដោយសារសេចក្តីជំនឿរបស់គាត់ អ្នកដើរតាមព្រះយេស៊ូវ ក្នុងក្រុងយេរូសាឡិម ត្រូវគេធ្វើទុក្ខបៀតបៀន ហើយបង្ខំឲ្យចាកចេញពីផ្ទះសម្បែង(កិច្ចការ ៨:១-៣)។ គ្រីស្ទបរិស័ទទាំងនោះ បាននិយាយប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ នៅកន្លែងណាដែលពួកគេទៅដល់ ដោយគ្មានការស្ទាក់ស្ទើរ ឬភ័យខ្លាចអ្វីឡើយ។ គឺដូចដែលមានសេចក្តីចែងថា “អស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល”(ខ.៤)។
ពេលដែលយើងបានស្គាល់ព្រះគ្រីស្ទច្បាស់ហើយ យើងមិនអាចលាក់ទុកដំណឹងល្អអំពីទ្រង់ នៅក្នុងចិត្តសម្រាប់តែខ្លួនឯងឡើយ។ សូម្បីតែក្នុងស្ថានភាពដែលពិបាកបំផុត ក៏យើងនៅតែចង់បន្តនិយាយប្រាប់អ្នកដទៃទៀតឲ្យបានស្គាល់ព្រះសង្រ្គោះ និងព្រះអម្ចាស់នៃយើងដែរ។ —David McCasland