លោកបណ្ឌិត ដេប រ៉យ(Deb Roy) គឺជាអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្តផ្នែកការយល់ដឹង នៅវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋម៉ាសាឈូសេត។ គាត់បានថតសម្លេង និងវីដេអូនៃសកម្មភាពជីវិតរបស់កូនគាត់ ចាប់តាំងពីពេលដែលវាកើត រហូតដល់ពេលវាមានអាយុបីឆ្នាំ ដើម្បីសិក្សាអំពីរបៀបដែលមនុស្សយើងរៀនភាសា។
គាត់និងភរិយារបស់គាត់បានដំឡើងម៉ាស៊ីន សម្រាប់ថតសម្លេង និងវីដេអូ នៅក្នុងផ្ទះរបស់ខ្លួន ហើយពួកគេក៏បានថតសម្លេង និងវីដេអូ ដែលមានរយៈពេលជាង២សែនម៉ោងជាសរុប។ តាមរយៈការចំណាយពេលជាច្រើន ដើម្បីប្រមូលផ្តុំ បង្រួញ និងកែសម្រួលសម្លេងដែលបានថតនោះ ពួកគេក៏អាចស្តាប់ឮទារករបស់ពួកគេ បញ្ចេញសម្លេង “កាកា” ដែលប្រែក្លាយជាពាក្យ “ទឹក” ជាដើម។
បើមាននរណាម្នាក់ចង់ធ្វើការស្រាវជ្រាវ ដោយថតសម្លេង នៅក្នុងផ្ទះរបស់អ្នក តើអ្នកនឹងចូលរួមជាមួយពួកគេឬទេ បើសិនជាអ្នកបានដឹងថា គេនឹងថតពាក្យគ្រប់ម៉ាត់ ហើយយកមកធ្វើការវិភាគនោះ? តើការសិក្សារបស់ពួកគេនឹងបង្ហាញចេញនូវលទ្ធផលយ៉ាងដូចម្តេចខ្លះ? យ៉ាងណាមិញ បទគម្ពីរសុភាសិត ជំពូក១៨ បានផ្តល់ឲ្យនូវចម្លើយ ចំពោះសំណួរនេះ ដោយលើកឡើង អំពីការនិយមប្រើពាក្យសម្តី ដោយគ្មានប្រាជ្ញា។
អ្នកនិពន្ធនៃបទគម្ពីរខាងលើបានកត់សំគាល់ឃើញថា មនុស្សល្ងីល្ងើចូលចិត្តសម្តែងគំនិតរបស់ខ្លួន ជាជាងព្យាយាមស្តាប់យោលរបស់អ្នកដទៃឲ្យយល់(ខ.២)។ តើយើងមានអត្តចរិតបែបនេះឬ? តើមានពេលខ្លះ យើងនាំឲ្យមានជម្លោះ ដោយសារពាក្យសម្តីរបស់យើងឬ(ខ.៧) ឬយើងចូលចិត្តនិយាយដោយឥតបើគិត ហើយ“ឆ្លើយមុន ដែលបានស្តាប់រឿង”?(ខ.១៣)។
យើងចាំបាច់ត្រូវរៀននិយាយឲ្យបានត្រឹមត្រូវ។ សូមយើងពឹងផ្អែកទៅលើព្រះ ដើម្បីឲ្យយើងអាចស្គាល់ពាក្យសម្តីដែលអាក្រក់ ហើយងាកមកប្រើពាក្យសម្តីលើកទឹកចិត្ត ដែលជា “ពាក្យល្អៗ សម្រាប់នឹងស្អាងចិត្តតាមត្រូវការ” ដើម្បីឲ្យបាន “ផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់”(អេភេសូ ៤:២៩)។—Jennifer Benson Schuldt