មានពាក្យស្លោកពីបុរាណមួយ បានពោលថា “របស់ល្អបំផុតនៅក្នុងជីវិត គឺជារបស់ដែលយើងទទួលដោយឥតគិតថ្លៃ”។ ក្នុងពាក្យស្លោកនេះ ចំណុចជាច្រើន ដែលជាការពិត។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះជឿថា របស់ល្អបំផុតក្នុងជីវិត គឺជារបស់ដែលថ្លៃ ឬប្រហែលជារបស់ដែលពិបាកស្វែងរក។
ថ្មីៗនេះ ខ្ញុំបានឃើញផ្លាកសញ្ញាមួយ ដែលបានធ្វើឲ្យខ្ញុំញញឹម ហើយគិតពីអត្ថន័យរបស់វា។ នៅលើផ្លាកសញ្ញានោះ គេបានសរសេរថា “របស់ល្អបំផុតក្នុងជីវិត មិនមែនជារបស់ឡើយ”។ នេះជាការសរសេរបានល្អណាស់! ព្រោះថា ពេលដែលយើងស្គាល់តម្លៃនៃគ្រួសារ មិត្តភាព និងសេចក្តីជំនឿហើយ នោះយើងក៏នឹងបានដឹងថា ការអ្វីដែលសំខាន់បំផុតក្នុងជីវិត គឺជាចំណងទាក់ទងរវាងមនុស្ស និងព្រះអម្ចាស់។
ស្តេចសាឡូម៉ូនជាអ្នកដែលសមនឹងនិយាយអំពីរបស់ទ្រព្យ ព្រោះទ្រង់ “មានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី”(១ពង្សាវតាក្សត្រ ១០:២៣)។ តើទ្រង់បានផ្តល់យោបល់អ្វីខ្លះ អំពីទ្រព្យសម្បត្តិ? ទ្រង់បានមានបន្ទូលថា “កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យ ឬដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃបែបដូចជាឥន្ទ្រី” (សុភាសិត ២៣:៤-៥)។ ហើយទ្រង់លើកទឹកចិត្តយើងឲ្យផ្ចង់ចិត្ត ចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយតម្រិះ។ ដ្បិតនឹងមានរង្វាន់ជាមិនខាន ហើយសេចក្តីសង្ឃឹមរបស់យើងនឹងមិនកាត់បង់ឡើយ(ខ.១២,១៨)។
របស់ល្អបំផុតក្នុងជីវិត គឺជាទ្រព្យសម្បត្តិដ៏នៅអស់កល្បជានិច្ច ដែលកើតចេញពីសេចក្តីល្អ និងព្រះគុណរបស់ព្រះ ដែលមានក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។ យើងមិនទុកដាក់ទ្រព្យសម្បត្តិទាំងនោះ ក្នុងដៃយើងឡើយ គឺយើងទុកនៅក្នុងចិត្តយើងវិញ។—David McCasland