បន្ទាប់ពីបានធ្វើការសម្ភាសមនុស្សចាស់ ជាបន្តបន្ទាប់ហើយ អ្នកនិពន្ធឈ្មោះ ដន ហ្គោល(Don Gold) បានបោះពុម្ភផ្សាយសៀវភៅដែលមានចំណងជើងថា រហូតដល់ពេលដែលគេច្រៀងចប់: ការអបអរសាទរជីវិត និងវ័យចំណាស់ នៅទ្វីបអាមេរិក។
លោកហ្គោលស្រឡាញ់ និងបានកោតសរសើរជីដូនរបស់គាត់ ហើយការនឹកចាំពីជីដូនរបស់គាត់ បាននាំឲ្យគាត់ ទៅជួប និងរៀនសូត្រពីចាស់ទុំដទៃទៀត។ គាត់នៅចាំថា មានពេលមួយ ពេលគាត់កំពុងធ្វើដំណើរទៅសម្ភាសចាស់ទុំម្នាក់ គាត់ក៏បានវង្វេង នៅតាមផ្លូវដីហុយ តាមជនបទនៃរដ្ឋមីសូរី។ ពេលគាត់បើកឡានចូលក្នុងកសិដ្ឋានមួយ ដើម្បីសួររកផ្លូវ មានក្មេងជំទង់ម្នាក់បានចេញមក។ ពេលវាឮគាត់សួររកផ្លូវ វាក៏ញាក់ស្មា រួចតបថា “ខ្ញុំមិនដឹងទេ”។ ដូចនេះ គាត់ក៏បន្តបើកបរទៅមុខទៀត។ ពេលគាត់បើកបានបីបួនគីឡូម៉ែត្រទៀត គាត់ក៏ឈប់ឡាន នៅមុខផ្ទះមួយ នៅក្នុងកសិដ្ឋាន។ លើកនេះ បុរសវ័យចាស់ ដែលជាកសិករក៏បានប្រាប់ផ្លូវគាត់ឥតមានខុស ដោយទឹកចិត្តដ៏សប្បុរស។
នោះជាបទពិសោធន៍ដ៏ល្អ ដែលបានបូកបញ្ចូល ជាមួយការអ្វីដែលគាត់កំពុងស្វែងរក ពេលដែលការនឹកចាំពីជីដូនរបស់គាត់ បាននាំឲ្យគាត់ទៅស្វែងរកមនុស្សដែលមានលក្ខណៈដូចជីដូនគាត់។ និយាយរួម គាត់កំពុងស្វែងរកអ្នកនាំផ្លូវគាត់ នៅក្នុងដំណើរនៃជីវិតរបស់គាត់។
បើអ្នកជាមនុស្សមាន“វ័យក្មេង” សូមស្វែងរកមនុស្សចាស់ ដែលបានពិសោធនឹងសេចក្តីស្រឡាញ់ និងការល្អរបស់ព្រះ ពេញមួយជីវិតរបស់ពួកគេ។ ពួកគេមានប្រាជ្ញា សម្រាប់ចែកចាយ ដែលនឹងអាចជួយឲ្យអ្នកមានការរីកចម្រើន និងលូតលាស់នៅក្នុងសេចក្តីជំនឿ(ទំនុកដំកើង ៩២:១២-១៤)។—David Roper