លោកចូ ម៉ូរីស(Joe Morris) បានធ្វើឲ្យការ៉េមរបស់គាត់ កាន់តែមានរស់ជាតិ ដោយប្រើគ្រឿងផ្សំជាច្រើន ដែលរាប់ចាប់តាំងពីស្ករសូកូឡា និងផ្លែស្ត្របឺរី រហូតដល់ម្ទេសផ្លោកក្រៀម។ គាត់ស្ថិតនៅក្នុងចំណោមអ្នកធ្វើការ៉េមទាំងបីនាក់ ដែលបានធ្វើការឲ្យក្រុមហ៊ុនដ៏ជោគជ័យមួយ នៅរដ្ឋតិចសាស់ ដែលមានឈ្មោះល្បីផ្នែកគុណភាព ភាពប៉ិនប្រសព្វ និងការឆ្នៃប្រឌិត។ ប៉ុន្តែ លោកចូមិនទាន់ភ្លេចមូលហេតុដែលគាត់ធ្វើការ៉េមឡើយ។
គាត់បាននិយាយប្រាប់អ្នកយកពត៌មាន ឈ្មោះរីខាដូ ហ្គាន់ដារ៉ា(Ricardo Gádara)ថា មានបុគ្គលិកម្នាក់ដែលធ្វើការយូរឆ្នាំ តែងតែបានរំឭកពួកគេថា “ហេតុអ្វីបានជាយើងធ្វើការ៉េម? ការ៉េមជាអាហារដែលធ្វើឲ្យសប្បាយចិត្ត។ យើងធ្វើការនៅទីនេះ ដើម្បីធ្វើឲ្យអ្នកញាំសប្បាយចិត្ត”។ នេះហើយជាមូលហេតុដែលលោកចូ ម៉ូរីសធ្វើការ៉េម។
យើងចាំបាច់ត្រូវនឹកចាំអំពីមូលហេតុ ដែលយើងត្រូវធ្វើការនេះ ឬការនោះ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ។ ការនឹកចាំនេះគឺពិតជាសំខាន់ណាស់ ព្រោះបើយើងភ្លេច នោះយើងមិនខុសពីពួកសិស្សរបស់ព្រះយេស៊ូវ ដែលមានការប្រកែកគ្នាអំពីអ្នកដែលសំខាន់ជាងគេ ក្នុងចំណោមពួកគេ ដែលជាហេតុនាំឲ្យពួកគេមានកំហឹង និងការបែកបាក់។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានរំឭកពួកគេថា “ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាកុស ១០:៣៥-៤៥)
បើយើងមានគោលដៅផ្សាយដំណឹងល្អនៃសេចក្តីស្រឡាញ់របស់ព្រះ ដល់អ្នកដទៃ នោះយើងនឹងមិនខ្វះការគួសម ឬមានអត្តចរិកកាចឡើយ បើសិនជាមាននរណាម្នាក់ប្រឆាំង ឬសើចចម្អកឲ្យការផ្សាយដំណឹងល្អរបស់យើងនោះ។ ពេលដែលយើងដើរតាមផ្លូវរបស់ព្រះអម្ចាស់ ដែលជាផ្លូវនៃការបម្រើ និងលះបង់ដោយសេចក្តីស្រឡាញ់ នោះយើងនឹកចាំថា ទ្រង់បានយាងមក ដើម្បីបម្រើ និងជួយសង្រ្គោះ។
នោះហើយជាមូលហេតុ ដែលយើងធ្វើកិច្ចការគ្រប់យ៉ាង។—David McCasland