ការចេះលើកទឹកចិត្តអ្នកដទៃ តាមរបៀបស្ងាត់ៗ គឺជាបុគ្គលិកលក្ខណៈមួយ ក្នុងចំណោមបុគ្គលិកលក្ខណៈដែលខ្ញុំកោតសរសើរបំផុត ចំពោះអ្នកដទៃ។ ខ្ញុំនៅចាំថា ថ្ងៃមួយ ពេលខ្ញុំត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានសម្រាកនៅមន្ទីពេទ្យអស់មួយរយៈ ខ្ញុំក៏បានដឹងថា មិត្តភ័ក្ររបស់ខ្ញុំគឺ ជែកគី(Jackei) បានផ្ញើសៀវភៅមួយក្បាល ដែលនិយាយអំពីព្រះបន្ទូលសន្យារបស់ព្រះ ដែលកាលពីពីរបីថ្ងៃមុន គាត់បានឆ្លងកាត់ការវះកាត់រួចមកហើយ។
លោកបប់(Bob) ដែលជាពូរបស់ខ្ញុំ មានការដឹងគុណចំពោះអ្នកមើលថែរគាត់ ពេលគាត់កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលមហារីក បានជាគាត់ផ្ញើសំបុត្រថែ្លងអំណរគុណរាប់រយសន្លឹក ទៅកាន់អ្នកគ្រប់គ្រងរបស់ពួកគេ។ អ្នកស្រីប្រេនដា(Brenda) ដែលជាបងប្អូនជីដូនមួយរបស់ខ្ញុំ មានការឈឺចាប់យ៉ាងខ្លាំង ពេលបាត់បង់កូនម្នាក់ កាលពីជិត២០ឆ្នាំមុន ហើយឥឡូវនេះ មនុស្សជាច្រើនបានទទួលព្រះពរ តាមរយៈការដែលគាត់បានធ្វើយ៉ាងស្ងប់ស្ងាត់ ដោយចិត្តដ៏ករុណា។ ជាញឹកញាប់ អ្នកដែលធ្លាប់ជួបសេចក្តីវេទនាបំផុត ទាំងខាងសាច់ឈាម និងខាងផ្លូវចិត្ត គឺជាអ្នកដែលពូកែលើកទឹកចិត្តអ្នកដទៃ បានច្រើនជាងគេ។
ព្រះគម្ពីរកិច្ចការបានចែងអំពីលោកបាណាបាស ដែលត្រូវបានគេស្គាល់ថាជា “អ្នកជំនួយ(ឬកូននៃការលើកទឹកចិត្ត)”(៤:៣៦)។ គាត់ជា “មនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីជំនឿ”(១១:២៤) ហើយបានលើកទឹកចិត្តអ្នកដទៃ “ឲ្យសម្រេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់”(ខ.២៣)។ ការលើកទឹកចិត្តរបស់គាត់ ប្រាកដជាអាចមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើមនុស្សជាច្រើន។
កាលណាយើងបានទទួលព្រះពរ ពីការលើកទឹកចិត្តហើយ នោះចូរយើងធ្វើខ្លួនជាកូនស្រី ឬកូនប្រុសនៃការលើកទឹកចិត្ត សម្រាប់អ្នកដទៃចុះ។—Cindy Hess Kasper