អ្នកវិទ្យាសាស្រ្តបានជឿថា ជីវិតអាចកើតមានដំបូងបំផុតនៅភពព្រះអង្គារ ហើយផ្លាស់ទីមកភពផែនដី។ ក្នុងការស្រាវជ្រាវនេះ មានអ្នកអាវកាសម្នាក់ បានសន្និដ្ឋានថា “មីក្រុបដែលមកពីភពអង្គារ បានធ្លាក់មកលើផែនដី បន្ទាប់ពីផែនដីទើបតែករកើតជាភព ហើយកូនចៅជំនាន់ក្រោយនៃមីក្រុបនោះ កំពុងតែបន្តមានជីវិតនៅលើផែនដីនេះ ហើយកូនចៅរបស់មីក្រុបនោះ គឺយើងរាល់គ្នាហ្នឹងឯង”។
មានអ្នកវិទ្យាសាស្ត្រប្រុសស្រីមួយចំនួន កំពុងមើលទៅអាវកាស នៅខាងក្រៅភពផែនដី ដើម្បីស្វែងរកឲ្យឃើញថាតើជីវិតនៅផែនដីមានប្រភពមកពីណា។ ពួកគេមិនបានជឿការបកស្រាយរបស់ព្រះគម្ពីរដែលបានចែងថា ព្រះបានដាក់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ នៅលើផែនដី តាមរយៈការបង្កើត តាមរបៀបដ៏អស្ចារ្យទេ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យជីវិតមីក្រុបដែលគេបានសន្និដ្ឋាននោះ អាចចាប់ផ្តើមមាននៅលើភពដ៏យ៉ាប់យ៉ឺននោះបាន? សំណួរដែលសំខាន់ជាងនេះ ដែលយើងត្រូវសួរនោះគឺ : តើហេតុអ្វីបានជាគេពិបាកទទួលស្គាល់ម្ល៉េះថា ពិភពផែនដី(ដែលជាកន្លែងដ៏ពិសេសខុសគេ ដែលអាចឲ្យជីវិតកើតមានបាន) គឺជាកន្លែងដែលព្រះបានបង្កើត និងដាក់មនុស្ស និងសត្វឲ្យរស់នៅ?
មនុស្សមានការពិបាក នៅក្នុងការទទួលស្គាល់ថា ជីវិតរបស់មនុស្សបានកើតឡើង ពីខ្យល់ដង្ហើមរបស់ព្រះតាមរបៀបដ៏អស្ចារ្យ(លោកុប្បត្តិ ២:៧) តែទន្ទឹមនឹងនោះ ពួកគេបានសម្រេចចិត្តជឿលើការអស្ចារ្យ មួយប្រភេទទៀត ដែលមានលក្ខណៈខុសស្រឡះ ពីការអស្ចារ្យរបស់ព្រះ គឺពួកគេជឿលើការអស្ចារ្យនៃជីវិត ដែលកើតឡើងដោយឯកឯង ដោយគ្មានការបណ្តាល។ ពួកគេប្រហែលជាត្រូវស្តាប់យោបល់ ដែលព្រះមានមកកាន់លោកយ៉ូបថា “ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន”(យ៉ូប ៣៧:១៤)។ ហើយពួកគេប្រហែលជាគួរតែព្យាយាមឆ្លើយសំណួរ ដែលព្រះទ្រង់បានសួរថា “តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង?”(៣៨:៤)។
សូមសរសើរដំកើងព្រះ សម្រាប់ការបង្កើតនូវកន្លែងដ៏អស្ចារ្យយ៉ាងនេះ សម្រាប់ឲ្យយើងរស់នៅ! យើងអាចឈរកោតស្ញប់ស្ញែង ចំពោះការបង្កើតដ៏អស្ចារ្យរបស់ព្រះ។—Dave Branon