អ្នកស្រី ឡូរី ហ្កូតឡេប(Lori Gottlieb) គឺជាគ្រូពេទ្យចិត្តសាស្រ្ត ហើយក៏ជាម្តាយម្នាក់ ដែលបានមានប្រសាសន៍ថា ឪពុកម្តាយដែលងប់ចិត្តខ្លាំងពេក នឹងការខំធ្វើឲ្យកូនរបស់ខ្លួនមានសុភមង្គល អាចជាហេតុបណ្តាលឲ្យកូនរបស់ខ្លួន ក្លាយជាមនុស្សពេញវ័យដែលគ្មានអំណរ។ ឪពុកម្តាយទាំងនោះ បានទម្រើសកូនរបស់ខ្លួន ដោយមិនបានបង្រៀនពួកគេ អំពីរបៀបចេះប្រឈមមុខនឹងជីវិតពិតទេ ហើយពេលដែលកូនរបស់ខ្លួនធ្វើអ្វីខុស ពួកគេធ្វើមិនដឹងមិនឮ ហើយក៏មិនព្រមលត់ដំកូននោះឡើយ។
ក្នុងបទគម្ពីរសាំយ៉ូអែលទី១ យើងឃើញថា លោកអេលី ដែលជាសម្តេចសង្ឃ ក៏បានធ្វើមិនដឹងមិនឮផងដែរ ពេលដែលកូនរបស់ខ្លួនធ្វើខុស។ យើងមិនដឹងថា គាត់ជាឪពុកប្រភេទណាទេ នៅពេលដែលពួកកូនប្រុសរបស់គាត់នៅក្មេង។ ប៉ុន្តែ ពេលដែលពួកគេធំពេញវ័យ ហើយចូលធ្វើការបម្រើព្រះ នៅក្នុងព្រះវិហាររបស់ទ្រង់ គាត់មិនបានកែតម្រង់ពួកគេឡើយ។ ពួកគេជាមនុស្សអាត្មានិយម ជាមនុស្សកំផឹត និងមានការបះបោរទាស់នឹងព្រះ ដោយរាប់សេចក្តីប៉ងប្រាថ្នារបស់ខ្លួន ជាសំខាន់ជាងព្រះបន្ទូលព្រះ និងសំខាន់ជាងសេចក្តីត្រូវការរបស់ពួកបណ្តាជន។ ជាដំបូង លោកអេលីបានស្តីបន្ទោសឲ្យកូនប្រុសរបស់គាត់ តែ ពួកគេមិនព្រមស្តាប់គាត់ឡើយ។ គាត់មិនបានបញ្ឈប់ការងាររបស់ពួកគេទេ ផ្ទុយទៅវិញ គាត់បានធ្វើមិនដឹងមិនឮ ហើយបណ្តោយឲ្យពួកគេបន្តប្រព្រឹត្តអំពើបាបនោះទៀត។ ដោយសារអំពើបាបរបស់ពួកកូនប្រុសរបស់លោកអេលី និងដោយសារគាត់បានលើកដំកើងកូនគាត់ ខ្លាំងជាងព្រះ(១សាំយ៉ូអែល ២:២៩) ព្រះអម្ចាស់ក៏បានព្រមានគាត់ថា ក្រុមគ្រួសាររបស់គាត់ នឹងទទួលរងការជំនុំជម្រះជាមិនខាន(ខ.៣៤ ៤:១៧-១៨)។
បើសិនជាយើងជាឪពុកម្តាយដែលជឿព្រះ យើងត្រូវមានការទទួលខុសត្រូវខ្ពស់ នៅក្នុងការលត់ដំកូនរបស់យើង ដោយសេចក្តីស្រឡាញ់(សុភាសិត ១៣:២៤ ២៩:១៧ ហេព្រើរ ១២:៩-១១)។ ពេលដែលយើងនាំឲ្យពួកគេទទួលប្រាជ្ញាមកពីព្រះ នោះព្រះទ្រង់ក៏ប្រទានពរឲ្យយើង ជួយពួកគេឲ្យមានការលូតលាស់ ទៅជាមនុស្សពេញវ័យ មានការទទួលខុសត្រូវ និងកោតខ្លាចព្រះ។–Marvin Williams