មានពេលមួយ ខ្ញុំបានដឹងថា លោករែក វលហេម(Rex Walheim) ដែលជាអវកាសយាន្តនិក បានយកសៀវភៅ នំម៉ាណាប្រចាំថ្ងៃ ជាប់តាមខ្លួន ក្នុងដំណើរបេសកកម្មចុងក្រោយ ទៅកាន់អវកាស តាមយាន្តអវកាស អាត្លង់ទីស(Atlantis)។ ពេលនោះ ខ្ញុំក៏ចង់ដឹងផងដែរ ថាតើគាត់បានរើសយកសៀវភៅនំម៉ាណាប្រចាំថ្ងៃមួយច្បាប់ណា ដែលខ្ញុំបាននិពន្ធ។ ក្នុងនាមជាយុវជន នៅក្នុងក្រុងដ៏តូចមួយ ខ្ញុំគិតថា ការដែលគេយកពាក្យដែលខ្ញុំសរសេរ ទៅអាននៅក្នុងអវកាស នៅខាងក្រៅភពផែនដី គឺពិតជាអស្ចារ្យគួរសមដែរ។
ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ខ្ញុំក៏លែងមានចិត្តចង់ដឹងអំពីការនេះទៀត ពេលដែលខ្ញុំសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំចាត់ទុកការនេះជាការអស្ចារ្យម្ល៉េះ? ពេលដែលខ្ញុំអធិស្ឋាន ពាក្យរបស់ខ្ញុំក៏បានឮដល់ព្រះការណ៌របស់ព្រះ ដែលគង់នៅនគរស្ថានសួគ៌។ ហើយតើហេតុអ្វីបានជាខ្ញុំមិនមានចិត្តភ្ញាក់ផ្អើល ពេលបានដឹងថា ព្រះដែលបានបង្កើតសកលលោក ទ្រង់ស្តាប់ពាក្យដែលខ្ញុំទូលដល់ទ្រង់? ក្នុងព្រះគ្រីស្ទ ខ្ញុំអាចចូលទៅជិតព្រះ ដោយសេរីភាព និងក្លាហាន(អេភេសូរ ៣:១២)។ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថា ការដែលមនុស្សបានអានពាក្យដែលខ្ញុំសរសេរ មានភាពអស្ចារ្យជាង ការដែលព្រះដ៏មានគ្រប់ចេស្តា បានស្តាប់ឮពាក្យដែលខ្ញុំអធិស្ឋានទៅរកទ្រង់?
បើសិនជាសំណួរខាងលើនេះ នៅតែមិនទាន់គ្រប់គ្រាន់ទៀតទេ នោះខ្ញុំត្រូវដឹងផងដែរថា ព្រះអម្ចាស់កំពុងប្រើពួកជំនុំទ្រង់ ដើម្បីឲ្យ “ពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់” បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់(ខ.១០)។ សូមពិចារណាអំពីការនេះចុះ។ ព្រះទ្រង់មិនគ្រាន់តែបានស្តាប់ឮពាក្យអធិស្ឋានរបស់យើងប៉ុណ្ណោះទេ តែថែមទាំងបានប្រើយើង ដែលកំពុងរស់នៅក្នុងលោកិយ ដើម្បីបង្រៀនពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ អំពីផែនការនៃការប្រោសលោះ ដែលទ្រង់បានសម្រេច តាមរយៈព្រះគ្រីស្ទ។ ការនេះពិតជាសំខាន់ណាស់!–Julie Ackerman Link