កាលនៅពីក្មេង ខ្ញុំបានគិតថា ក្រុមគ្រួសាររបស់ខ្ញុំ មានការចំណាយច្រើនពេក សម្រាប់ការរស់នៅ។ ក្រោយមក ខ្ញុំយល់ថា ការត្អូញត្អែរអំពីរឿងនេះ គឺពិតជាគួរឲ្យអស់សំណើចណាស់ ហេតុនេះហើយបានជា ខ្ញុំសើច ពេលគិតដល់ការនេះ។ ឪពុកម្តាយរបស់ខ្ញុំ មិនដែលគិតលុយមួយកាក់មួយសេនពីខ្ញុំ សម្រាប់ការរស់នៅក្នុងផ្ទះនោះទេ។ ពួកគាត់គ្រាន់តែចង់ឲ្យខ្ញុំ“បង់ថ្លៃ” ដោយគ្រាន់តែស្តាប់បង្គាប់ពួកគាត់ប៉ុណ្ណោះទៅបានហើយ។ ដូចនេះ ខ្ញុំគ្រាន់តែធ្វើតាមវិន័យ ដែលពួកគាត់បានដាក់ឲ្យ ដោយបោសសម្អាតបន្ទាប់ពីខ្ញុំលេងចប់ ដោយមានចិត្តសុភាពរាបសារ ដោយនិយាយការពិត និងទៅព្រះវិហារជាដើម។ វិន័យទាំងនោះ មិនពិបាកធ្វើតាមទេ ប៉ុន្តែ ខ្ញុំនៅតែពិបាកស្តាប់បង្គាប់តាម។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយខ្ញុំមិនបានដេញខ្ញុំចេញ ដោយព្រោះតែការមិនស្តាប់បង្គាប់នោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់គ្រាន់តែរំឭកខ្ញុំម្តងហើយម្តងទៀតថា វិន័យទាំងនោះ គឺសម្រាប់ការពារខ្ញុំ មិនមែនធ្វើបាបខ្ញុំទេ ហើយពេលខ្លះ ពួកគាត់ដាក់វិន័យកាន់តែតឹងរឹងថែមទៀត ដើម្បីកុំឲ្យខ្ញុំធ្វើបាបខ្លួនឯង។
នៅក្នុងទឹកដីសន្យា ពួកអ៊ីស្រាអែលក៏ត្រូវបង់ថ្លៃសម្រាប់ការរស់នៅ ដោយការស្តាប់បង្គាប់ព្រះផងដែរ។ ក្នុងការថ្លែងជាលើកចុងក្រោយ ទៅកាន់បណ្តាជន លោកម៉ូសេបានរំឭកពួកគេថា ព្រះពរដែលព្រះសព្វព្រះទ័យប្រទានមកពួកគេ គឺអាស្រ័យទៅលើការស្តាប់បង្គាប់របស់ពួកគេ(ចោទិយកថា ៣០:១៦)។ កាលពីមុន គាត់ធ្លាប់ប្រាប់ពួកគេថា ការស្តាប់បង្គាប់ព្រះ គឺជាកត្តាដែលនាំឲ្យពួកគេរស់នៅបានល្អ គឺដូចដែលមានសេចក្តីចែងថា “ចូរប្រយ័ត្ននឹងស្តាប់តាមសេចក្តីទាំងនេះ . . . ដើម្បីឲ្យឯងបានសប្បាយ(១២:២៨)។
អ្នកខ្លះគិតថា ព្រះគម្ពីរមានក្រិត្យវិន័យច្រើនពេក។ តែខ្ញុំចង់ឲ្យពួកគេដឹងថា បញ្ញត្តិរបស់ព្រះ គឺសម្រាប់ជាប្រយោជន៍ដល់យើងទេ ហើយក្រិត្យវិន័យទាំងនោះ ជួយឲ្យយើងរស់នៅជាមួយគ្នា ដោយមេត្រីភាព។ ការស្តាប់បង្គាប់ គឺជា “ការបង់ថ្លៃ” តែមួយមុខគត់ ដែលយើងត្រូវមាន ក្នុងនាមជាសមាជិកនៃមហាគ្រួសាររបស់ព្រះ នៅលើពិភពដ៏ថ្លៃថ្លា ដែលទ្រង់បានបង្កើត ហើយបានអនុញ្ញាតឲ្យយើងហៅពិភពនោះថា ផ្ទះ។ — Julie Ackerman Link