ខ្ញុំធ្លាប់ឮគេនិយាយថា “ខ្ញុំមិនខ្លាចស្លាប់ទេ ព្រោះខ្ញុំមានទំនុកចិត្តថា ខ្ញុំនឹងបានទៅស្ថានសួគ៌ ប៉ុន្តែ អ្វីដែលខ្ញុំខ្លាចនោះ គឺរបៀបនៃការស្លាប់!” មែនហើយ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងទន្ទឹងរង់ចាំពេលដែលយើងទៅនៅនគរស្ថានសួគ៌ ប៉ុន្តែ យើងប្រហែលជាខ្លាចការស្លាប់។ យើងត្រូវហ៊ានទទួលស្គាល់ថា នេះជាការពិតមែន គឺមិនត្រូវមានការអៀនខ្មាស់ឡើយ។ វាគឺជារឿងធម្មតាទេ ដែលយើងខ្លាចឈឺចាប់ ពេលរៀបនឹងស្លាប់ ឬខ្លាចឃ្លាតឆ្ងាយពីអ្នកដែលខ្លួនស្រឡាញ់ ឬក៏ខ្លាចគ្រួសារយើងជួបភាពក្រីក្រ ឬខ្លាចបាត់បង់ឱកាសនៅលើផែនដីនេះ។
ហេតុអ្វីបានជាគ្រីស្ទបរិស័ទមិនចាំបាច់ត្រូវខ្លាចសេចក្តីស្លាប់? ព្រោះព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ហើយយើងរាល់គ្នា ដែលនៅក្នុងព្រះគ្រីស្ទក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ហេតុនេះហើយបានជា ក្នុងបទគម្ពីរ ១កូរិនថូស ១៥:៥៦-៥៧ សាវ័កប៉ុលបានប្រកាសថា “រីឯទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យ។ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។”
ដំណើរការនៃការស្លាប់ គ្រាន់តែជាការចម្លងយើង ចូលទៅក្នុងនគរព្រះ ដើម្បីរស់នៅទីនោះជាមួយព្រះអស់កល្បជានិច្ច។ ខណៈដែលយើង “ដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់” យើងអាចមានទំនុកចិត្តចំពោះព្រះបន្ទូលរបស់ព្រះ ដែលបានចែងថា “ទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនិងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ត្រង់ចំណុចនេះ ព្រះអម្ចាស់ទ្រង់យាងជាមួយយើង កំសាន្តចិត្ត និងតម្រង់ផ្លូវយើង ខណៈពេលដែលទ្រង់កំពុងជូនដំណើរយើង ឆ្លងកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ ឆ្ពោះទៅរក “ដំណាក់នៃព្រះយេហូវ៉ា។” នោះយើងរាល់គ្នានឹងបានរស់នៅទីនោះ ជាមួយទ្រង់ជារៀងរាបដរាបទៅ(ខ.៦)។—Albert Lee