កង់ទីមួយរបស់ខ្ញុំ មានលីពដែលអាចដាក់លេខបានតែមួយលេខទេ។ ដូចនេះ ខ្ញុំបានប្រើតែលេខមួយនោះ មិនថាតែពេលជិះលឿនឬយឺត ឡើងទួលឬចុះទួលឡើយ។ កង់ទីពីរបស់ខ្ញុំអាចដាក់លេខបានបីលេខ គឺលេខសម្រាប់ជិះលើផ្ទៃរាបស្មើ សម្រាប់ឡើងទួល ហើយមួយទៀតសម្រាប់ចុះទួល។ កង់ទីបីរបស់ខ្ញុំអាចដាក់លេខបានដល់ទៅដប់លេខ ដូចនេះ ខ្ញុំមានជម្រើសកាន់តែច្រើន។ ទោះបីជាកង់ចុងក្រោយរបស់ខ្ញុំ អាចដាក់លេខច្រើនយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនបានប្រើឲ្យបានគ្រប់លេខ ជារៀងរាល់ពេលដែលខ្ញុំជិះវានោះឡើយ។ លេខខ្លះសមនឹងប្រើ នៅពេលចាប់ផ្តើមចេញដំណើរ និងពេលឡើងទួល រីឯលេខផ្សេងទៀតទុកសម្រាប់បង្កើនល្បឿន ហើយលេខដទៃទៀតសមបំផុតសម្រាប់ការជិះលំហែ។ ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថា ទោះបីខ្ញុំមិនបានប្រើលេខឲ្យអស់ នៅពេលណាដែលខ្ញុំជិះកង់ក៏ដោយ ក៏មិនមានន័យថា ខ្ញុំនឹងមិនដែល ត្រូវការប្រើលេខទាំងនោះឡើយ។
បញ្ហាដូចនេះក៏អាចកើតមាន នៅពេលយើងប្រើអំណោយទាន និងសមត្ថភាពខាងវិញ្ញាណផងដែរ។ ក្នុងអំឡុងពេលដែលព្រះទ្រង់មិនបានប្រើខ្ញុំ ឲ្យធ្វើកិច្ចការណាមួយ ដែលខ្ញុំធ្លាប់ធ្វើពីមុនមក នោះខ្ញុំមិនមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សឥតប្រយោជន៍ ឬគ្មានតំលៃនោះឡើយ ផ្ទុយទៅវិញ ខ្ញុំបានអរព្រះគុណព្រះ សម្រាប់“អំណោយទាន” ដែលខ្ញុំអាចប្រើ នៅពេលបច្ចុប្បន្ន។ ជំនាញដែលយើងមិនត្រូវការប្រើ នៅពេលនេះ អាចមានប្រយោជន៍ចំពោះយើងនៅពេលក្រោយ។
អំណោយទានខាងវិញ្ញាណរបស់យើង សុទ្ធតែមានភាពចាំបាច់ តាមបែបផ្សេងពីគ្នា និងសម្រាប់ប្រើនៅពេលខុសគ្នា។ សេចក្តីត្រូវការ និងកាលៈទេសៈនឹងមានការផ្លាស់ប្តូរ ដោយមិនអាចដឹង និងទាយស្មានជាមុន។ ហេតុនេះហើយបានជាលោកសាវ័កប៉ុល បានរំឭកលោកទីតុស ថា “ចូរប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ”(ទីតុស ៣:១)។ សូមឲ្យយើងត្រៀមខ្លួន ដើម្បីធ្វើការល្អតាមអំណោយទានរបស់យើងផងដែរ។—Julie Ackerman Link