នៅទីក្រុងឡែនស៊ីង(Lansing) រដ្ឋមីឈីហ្គិន ក្នុងអំឡុងពេលរដូវរងា យើងមិនសូវមានថ្ងៃរះប៉ុន្មានទេ។ ប៉ុន្តែ ឆ្នាំមុន ព្រះទ្រង់បានប្រទានពរ ឲ្យយើងមានថ្ងៃដ៏ស្រស់បំព្រង ហើយខ្ញុំសង្កេតឃើញថា មនុស្សស្ទើរតែគ្រប់គ្នាបានអរព្រះគុណព្រះ លើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះ។ នៅពេលខ្ញុំចេញពីធ្វើការ មានបុរសម្នាក់បាននិយាយថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យមែន ជាអំណោយដែលព្រះប្រទាន!” ខ្ញុំក៏បានឆ្លើយតបថា “មែនហើយ ប៉ុន្តែ ព្រឹលនឹងធ្លាក់នៅសប្តាហ៍ក្រោយទៀត”។ ត្រង់ចំណុចនេះ ខ្ញុំគួរតែអរព្រះគុណព្រះ គឺមិនត្រូវរមិលគុណយ៉ាងដូចនេះទេ។
យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រទៅកាន់ពួកជំនុំសម័យដើម ដើម្បីឲ្យពួកគេរៀនដឹងគុណព្រះ។ គាត់បាននិយាយអំពីការអរព្រះគុណ ក្នុងសំបុត្ររបស់គាត់ គឺបានច្រើនជាងអ្នកនិពន្ធនៃកណ្ឌគម្ពីរសញ្ញាថ្មីដទៃទៀត។ ជាក់ស្តែង គាត់បានប្រើពាក្យអរព្រះគុណ២៣ដង ដែលក្នុងនោះ យើងអាចទទួលសេចក្តីបង្រៀនអំពីការអរព្រះគុណ។
ជានិច្ចជាកាល ព្រះគម្ពីរបានបង្រៀនឲ្យយើងថា្វយការអរគុណដល់ព្រះ ជាជាងអរគុណមនុស្ស។ មនុស្សគឺជាអំណោយមកពីព្រះ ហើយសាវ័កប៉ុលបានអរព្រះគុណព្រះ ដែលបានប្រទានពរឲ្យពួកគេមានការរីកលូតលាស់ មានសេចក្តីស្រឡាញ់ និងសេចក្តីជំនឿ(១កូរិនថូស ១:៤ ១ថែស្សាឡូនីច ១:២)។
យើងត្រូវអរព្រះគុណព្រះ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់គ្រប់ការទាំងអស់ (កូល៉ុស ៣:១៥,១៧)។ សាវ័កប៉ុលជឿថា អ្នកដើរតាមព្រះយេស៊ូវអាចអរព្រះគុណព្រះ សម្រាប់គ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់មានអំណាចគ្រប់គ្រង ហើយទ្រង់កំពុងធ្វើការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់អ្នកជឿទ្រង់(១ថែស្សាឡូនីច ៥:១៨)។
សូមឲ្យយើងរាល់គ្នាមានចិត្តចង់ដឹង អំពីអំណោយដែលព្រះប្រទានមក នៅជុំវិញយើង ហើយឆ្លើយតប ដោយការដឹងគុណ។ ពេលដែលព្រះប្រទានពរឲ្យយើងមានអ្វីមួយ នោះយើងគួរឆ្លើយតបចំពោះទ្រង់វិញ ដោយពាក្យដ៏សាមញ្ញថា “ទូលបង្គំសូមអរព្រះគុណទ្រង់។”
—Marvin Williams