ថ្ងៃមួយ ភរិយារបស់ខ្ញុំបានទូរស័ព្ទមក ពេលដែលខ្ញុំកំពុងធ្វើការ។ នាងប្រាប់ខ្ញុំថា “អ្នកជិតខាងយើង កំពុងមានរឿងអ្វីហើយ បានជាមានឡានជាច្រើន ចតនៅមុខផ្ទះគាត់ យ៉ាងដូចនេះ”។ ពេលនោះ ខ្ញុំគិតថា លោកត្រេវ៉ូ ស្លុត(Trevor Slot) ដែលជាអ្នកជិតខាងរបស់យើង ប្រហែលជាមានគ្រោះថ្នាក់អ្វីហើយ ព្រោះគាត់មានមុខរបរជាប៉ូលីស។ មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា អ្នកជិតខាងរូបនេះ បានបាត់បង់ជីវិតនៅក្នុងការបំពេញតួនាទី ពេលដែលគាត់ព្យាយាមរារាំងការរត់គេចរបស់ចោរប្លន់ធនាគា២នាក់។ ពេលនោះសហគមន៍របស់យើងមានការតក់ស្លត់យ៉ាងខ្លាំង។
លោកត្រេវ៉ូរ គ្មានពេលសម្រាប់រៀបចំខ្លួន សម្រាប់ការស្លាប់នៅពេលនោះឡើយ។ ប៉ុន្តែ គាត់បានប្រុងប្រៀបជាស្រេច ដើម្បីទៅនៅជាមួយព្រះ។ គាត់ជាមនុស្សដែលមានជំនឿរឹងមាំ ហើយគាត់បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អ។នៅក្នុងពិធីបុណ្យសពរបស់គាត់ មានប៉ូលិសដែលជាមិត្តរួមការងាររាប់រយនាក់ បានមកចូលរួម ហើយគូរកនរបស់គាត់ គឺលោកប្រេនឌីន ហូហ្គេល(Brandyn Heugel) បានឡើងថ្លែងសន្ទរកថាថា “គាត់ជាមន្រ្តីប៉ូលិសម្នាក់ ដែលប្តូរប្តេជ្ញនឹងការងារ ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺ គាត់ជាស្វាមីដែលពេញដោយសេចក្តីស្រឡាញ់ របស់អ្នកស្រីគីម(Kim) ហើយក៏ជាឪពុកជាទីស្រឡាញ់ របស់ខេតលីន(Kaitlyn) និងអាបេ(Abbie)”។ ជាការពិតណាស់ សន្ទរកថា នេះបានផ្តោតទៅលើបុគ្គលិកលក្ខណៈដ៏ប្រសើររបស់លោកត្រេវ៉ូរ និងទៅលើក្តីស្រឡាញ់ ក៏ដូចជាការយកចិត្តទុកដាក់ ដែលគាត់មានចំពោះគ្រូសារ។
ដំណើរជីវិតរបស់លោកត្រេវ៉ូរគឺជាគំរូដ៏ល្អ ដែលស្របតាមបទគម្ពីរ កូល៉ុស ៣:១២-១៣ ដែលបានចែងថា “ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក”។ បុគ្គលិកលក្ខណៈទាំងអស់នេះ បានបន្សល់ទុកនូវកេរដំណែលដែលបានលើកទឹកចិត្តយើងរាល់គ្នា។
យើងមិនដឹងថា ព្រះនឹងយកយើងទៅនៅជាមួយទ្រង់ នៅពេលណាទេ ប៉ុន្តែ យើងត្រូវដឹងថា ជារៀងរាល់ថ្ងៃ យើងមានឱកាសបន្សល់ទុកនូវទីបន្ទាល់ដ៏ល្អ ដែលសក្តិសមនឹងសេចក្តីជំនឿរបស់យើង។—Dave Branon