ថ្ងៃមួយ លីនដា(Linda) បានអញ្ជើញខេធី(Katie) ឲ្យចូលរួមពិធីជប់លៀងក្រុមយុវជន នៅឯព្រះវិហារ។ ពេលខេធីមកដល់ នាងបានដើរចូលកន្លែងធ្វើកម្មវិធី ទាំងចិត្តថប់បារម្ភ។ នាងបានខានទៅព្រះវិហារ តាំងតែពីពេលនាងនៅតូច ហើយនាងមិនដឹងថា នឹងមានអ្វីខ្លះកើតឡើង នៅឯពិធីជប់លៀងពេលល្ងាច នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលភាគច្រើននៃអ្នកចូលរួម គឺជាអ្នកដែលនាងមិនស្គាល់។ ប៉ុន្តែ នាងក៏ចាប់ផ្តើមមានចិត្តស្ងប់វិញ ពេលដែលនាងបានឃើញកាតថ្ងៃបុណ្យក្តីស្រឡាញ់ជាច្រើន នៅក្នុងចានរបស់នាង ដែលគេរាល់គ្នាបានសរសេរឲ្យនាង។ ពួកគេក៏បានសរសេរកាតជួនគ្នាទៅវិញទៅមកផងដែរ ប៉ុន្តែ ខេធីមានការប៉ះពាល់ចិត្ត ដោយសារការដែលពួកគេបានធ្វើសម្រាប់នាងដែលគ្រាន់តែជាភ្ញៀវម្នាក់ នៅក្នុងក្រុមរបស់ពួកគេ។
ខេធីមានអារម្មណ៍កក់ក្តៅណាស់ បានជាក្រោយមក នាងក៏បានទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហារ តាមការអញ្ចើញរបស់លីនដា។ នៅទីនោះ នាងក៏ដឹងថា ព្រះស្រឡាញ់នាង ទោះបីជានាងជាមនុស្សមានបាបក៏ដោយ ហើយនាងក៏បានទទួលការអត់ទោសរបស់ព្រះយេស៊ូវ។ ក្រុមយុវជនបានផ្តល់ឲ្យនាង នូវក្លិនដ៏ក្រអូបនៃក្តីស្រឡាញ់របស់ព្រះ ហើយព្រះក៏បានបើកចំហរចិត្តនាង ឲ្យទុកចិត្តលើទ្រង់។
សាវ័កយ៉ូហានបានមានប្រសាសន៍ថា “បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ”(១យ៉ូហាន ៤:១១)។ គាត់និយាយសំដៅទៅលើសេចក្តីស្រឡាញ់ ដែលយើងត្រូវមានចំពោះបងប្អូនក្នុងព្រះគ្រីស្ទ ក៏ដូចជាចំពោះអ្នកដែលមិនទាន់ស្គាល់ទ្រង់ផងដែរ។ លោករេយ ស្តេដមែន(Ray Stedman)បានសរសេរថា “ពេលដែលក្តីស្រឡាញ់របស់ព្រះចែងចាំង មកក្នុងចិត្តរបស់យើង នោះយើងបើកចំហរចិត្តកាន់តែខ្លាំង សម្រាប់អ្នកដទៃ ដោយអនុញ្ញាតឲ្យក្លិននៃក្តីស្រឡាញ់ បង្កើតចេញទៅ ហើយធ្វើឲ្យអ្នកដែលនៅជុំវិញយើងមានការចាប់អារម្មណ៍”។ ក្រុមយុវជនបានធ្វើយ៉ាងដូចនេះឯងសម្រាប់ខេធីន។
ព្រះទ្រង់អាចបញ្ចេញក្លិនក្រអូបនៃក្តីស្រឡាញ់របស់ទ្រង់ តាមរយៈយើងនៅថ្ងៃនេះ។—Anne Cetas