កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់គ្រវែងខោអាវរបស់ខ្ញុំ ទៅលើកៅអី ហើយពេលដែលខ្ញុំបិទភ្លើងក្នុងបន្ទប់ ស្រម៉ោលនៃខោអាវទាំងនោះ ក៏មានរូបរាង្គដូចសត្វនាគ ធ្វើឲ្យខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង ហើយខ្ញុំមិនទាន់ភ្លេចរឿងនេះឡើយ។ បទពិសោធន៍នៃការភ័យខ្លាច ដែលធ្វើឲ្យខ្ញុំគេងមិនលក់ កាលពីក្មេង បានក្រើនរំឭកខ្ញុំថា ពេលដែលបញ្ហាមកដល់មាត់ទ្វារនៃជីវិតយើង នោះសេចក្តីភ័យខ្លាចមិនមែនជាមិត្តសម្លាញ់របស់យើងទេ។ បើយើងមិនសម្លឹង ដោយផ្តោតទៅលើព្រះយេស៊ូវទេ នោះការភ័យខ្លាចមុខជានឹងធ្វើឲ្យយើងមិនអាចឈានទៅមុខរួច ហើយធ្វើឲ្យយើងរួញរា នៅក្នុងការធ្វើអ្វីដែលត្រឹមត្រូវ។
នៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូវ កំពុងជួបនឹងរលកបោកខ្លាំង នៅក្នុងសមុទ្រ ដែលអាចធ្វើឲ្យពួកគេធ្លាក់ពីលើទូក ពួកគេក៏បានឃើញទ្រង់ដើរនៅលើទឹក ហើយទ្រង់ក៏បានបញ្ជាក់ពួកគេថា “ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ”(ម៉ាថាយ១៤:២៧)។ ក្រោយមក ពេលដែលពួកសិស្សជួបជុំគ្នាស្ងាត់ៗ នៅក្នុងបន្ទប់បិទជិត ដោយសារមានការភ័យខ្លាច បន្ទាប់ពីព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់ក៏បានលេចមកឲ្យពួកគេឃើញ ហើយសួរពួកគេថា “ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ”(លូកា ២៤:៣៨)។ ព្រះយេស៊ូវទ្រង់បានជ្រាបច្បាស់ថា ពួកគេជៀសមិនផុតពីទុក្ខលំបាក នៅក្នុងលោកិយនេះឡើយ ហេតុនេះហើយទ្រង់មានបន្ទូលថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ”(យ៉ូហាន ១៦:៣៣)។ ត្រង់ចំណុចនេះ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ការទុកចិត្តទៅលើព្រះវត្តមាន និងព្រះចេស្តារបស់ទ្រង់ គឺជាថ្នាំបន្សាបសម្រាប់ការភ័យខ្លាច។
គឺដូចដែលបទទំនុកបរិសុទ្ធដ៏ល្បីមួយ បានបន្លឺថា “ចូរសម្លឹងទៅឯព្រះយេស៊ូវ សម្លឹងមើលព្រះភ័ក្រ្តដ៏អស្ចារ្យរបស់ទ្រង់ឲ្យសព្វ នោះការអ្វីៗដែលនៅផែនដីនឹងទៅជាងងឹត នៅចំពោះពន្លឺនៃសិរិល្អ និងព្រះគុណរបស់ទ្រង់។” យើងអាចសម្រាកបានយ៉ាងសុខសាន្ត ដោយដឹងប្រាកថាព្រះគង់ជាមួយយើងជានិច្ច។—Joe Stowell