មានព្រឹត្តិការណ៍ដ៏ល្បីមួយ ក្នុងទសវត្សរ៍ ឆ្នាំ១៩៧០ នៅសហរដ្ឋអាមេរិក គឺព្រឹត្តិការណ៍បង្ហោះម៉ូតូផ្លោងជ្រលងភ្នំពីចុងម្ខាងទៅចុងម្ខាង។ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៧៤ ព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ បានឈានដល់ចំណុចខ្ពស់(និងទាប)របស់ខ្លួន។ មានទស្សនិកជនរាប់ពាន់នាក់បានមកជួបជុំគ្នាជុំវិញជ្រលងទន្លេពស់ នៅរដ្ឋអ៊ីដាហូ(Idaho) ដើម្បីមើល ថាតើលោកអ៊ីវែល នីវែល(Evel Knievel) អាចបើកម៉ូតូរ៉ុកកែតផ្លោះជ្រលងទន្លេនោះឬទេ ដែលកាលនោះ គាត់បានបើកឡើងតាមផ្លូវចោទ ដែលគេបានរៀបចំជាពិសេសសម្រាប់ឲ្យគាត់បើក “ផ្លោងទៅលើមេឃ”។ ចុងបញ្ចប់គាត់មិនទទួលបានជោគជ័យឡើយ។ លោកអ៊ីវែលអាចបង្ហោះម៉ូតូឆ្លងជ្រលងនោះ បានតែមួយផ្នែកប៉ុណ្ណោះ ហើយគាត់ក៏ទម្លាក់ខ្លួនតាមឆ័ត្រយោងរបស់គាត់ រហូតដល់បាតជ្រលងដ៏ជ្រៅ។ អ្នកទស្សនាខ្លះបានសួរថា “តើគាត់បានឆ្លងកាត់ជ្រលងទន្លេនោះ បានចម្ងាយប៉ុន្មាន?” ប៉ុន្តែ ដែលគាត់ឆ្លងបានចម្ងាយប៉ុន្មាននោះ គឺមិនសំខាន់ទេ។ អ្វីដែលសំខាន់នោះ គឺគាត់មិនបានឆ្លងផុត ទៅដល់ត្រើយម្ខាងទៀតឡើយ ដូច្នោះ គាត់មិនបានទៅដល់គោលដៅរបស់គាត់ទេ។
យ៉ាងណាមិញ យើងអាចប្រៀបប្រដូចរឿងនេះ ទៅនឹងការខំប្រឹងឆ្លងឲ្យផុតជ្រលងនៃអំពើបាប ដោយខ្លួនឯង។ ព្រះគម្ពីរបានចែងអំពីអំពើបាប ក្នុងបទគម្ពីរ រ៉ូម ៣:២៣ ដែលក្នុងនោះលោកប៉ុលបានប្រកាសថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”។ គ្មាននរណាម្នាក់អាចឆ្លងទៅដល់ព្រះ ដោយពឹងផ្អែកលើកម្លាំងខ្លួនឯងបានឡើយ ហេតុនេះហើយបានជាព្រះសង្រ្គោះបានយាងមកសុគតជំនួសយើង ដើម្បីធ្វើជាស្ពានឲ្យយើងឆ្លងទៅឯព្រះវរបិតា។ ព្រះគ្រីស្ទបានយាងមកប្រសូត្រជាមនុស្សដែលគ្មានបាប ហើយគ្រប់លក្ខណ៍តាមខ្នាតគំរូរបស់ព្រះ បន្ទាប់មក ទ្រង់បានលះបង់ព្រះជន្មទ្រង់ នៅលើឈើឆ្កាង ដើម្បីបង់ថ្លៃលោះបាបយើងរាល់គ្នា។ យើងខ្វះមិនដល់សិរីល្អរបស់ព្រះ តែព្រះគ្រីស្ទបានធ្វើសម្រេច នូវការអ្វីដែលយើងមិនអាចធ្វើបាន ដោយសេចក្តីស្រឡាញ់របស់ទ្រង់។
ដូចនេះ ចូរយើងឆ្លើយតបចំពោះទ្រង់វិញ ដោយទុកចិត្តទ្រង់ ហើយទទួលអំណោយនៃសេចក្តីសង្រ្គោះ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ –Bill Crowder