នៅពេលដែលកូនស្រីរបស់ខ្ញុំស្រែកថា “ម៉ាក់ សត្វ!” ខ្ញុំក៏មើលទៅកន្លែងដែលនាងចង្អុល ហើយក៏បានឃើញពីងពាងដ៏ធំមួយ។ ពីមុនមក ខ្ញុំមិនធ្លាប់ឃើញពីងពាងធំដូចនេះ នៅក្រៅកន្លែងលក់សត្វចិញ្ចឹមទេ។ ខ្ញុំដឹងថា ខ្ញុំមិនអាចឲ្យវាចូលនៅក្នុងផ្ទះរបស់ខ្ញុំបានទេ ហើយវាក៏ដឹងដែរ។ ប៉ុន្តែ ខណៈពេលដែលខ្ញុំប្រឈមមុខដាក់វា ខ្ញុំរកឃើញថា ខ្ញុំមិនអាចឈានជើងទៅមុខមួយជំហានទៀត ដើម្បីចូលទៅជិតវាបានឡើយ។ ជីពចររបស់ខ្ញុំលោតកាន់តែញាប់។ ខ្ញុំបានលេបទឹកមាត់មួយក្អឿក ហើយនិយាយផ្តល់កំលាំងចិត្តឲ្យខ្លួនឯង តែការភ័យខ្លាចនៅតែធ្វើឲ្យខ្ញុំគាំងនៅមួយកន្លែង។ ការភ័យខ្លាចមានអំណាចណាស់។ វាអាចធ្វើឲ្យយើងគិត ឬបញ្ចេញអាកប្បកិរិយាណា ដែលមិនសមហេតុផល។ តែសូមអរព្រះគុណព្រះ ដែលក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនត្រូវអនុញ្ញាតឲ្យការភ័យខ្លាច គ្រប់គ្រងសកម្មភាពរបស់យើងឡើង ទោះវាជាការខ្លាចមនុស្ស ស្ថានការណ៍ ឬសូម្បីតែការខ្លាចពីងពាងក៏ដោយ។ យើងអាចប្រកាសថា “តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់”(ទំនុកដំកើង ៥៦:៣)។
ការកាន់គោលជំហរទាស់ប្រឆាំងនឹងការភ័យខ្លាច គឺសមស្របតាមបទគម្ពីរ ដែលបានបង្រៀនយើងឲ្យ “ទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ”(សុភាសិត ៣:៥)។ ចំណេះដឹងរបស់យើង អាចនាំឲ្យយើងមានការភ័យខ្លាចហួសហេតុពេក ហើយមើលស្រាលអំណាចរបស់ព្រះ។ នៅពេលដែលយើងភ័យខ្លាច យើងអាចទុកចិត្តទៅលើយោបលរបស់ព្រះអម្ចាស់(អេសាយ ៤០:២៨) ហើយទុកចិត្តលើសេចក្តីស្រឡាញ់របស់ទ្រង់ ដែលអាចបណ្តេញ “សេចក្តីភ័យខ្លាច”បាន(១យ៉ូហាន ៤:១៨)។ បើនៅពេលក្រោយ ការភ័យខ្លាចចូលក្នុងជីវិតរបស់អ្នក នោះសូមកុំតក់ស្លត់ឡើយ។ ដ្បិតយើងនៅតែអាចទុកចិត្តព្រះ ទោះយើងនៅទីងងឹតក៏ដោយ។—Jennifer Benson Schuldt