ក្នុងអំឡុងពេលដែលខ្ញុំបានធ្វើការជាមួយអ្នកដទៃ ខ្ញុំមិនដែលបានជួបនរណាម្នាក់ ដែលមានជីវិតខ្ទេចខ្ទាំ ដោយសារខ្លួនបានធ្វើតាមបញ្ញិត្តិរបស់ព្រះឡើយ។ ប៉ុន្តែ ជាញឹកញាប់ ពេលដែលយើងនិយាយប្រាប់គេ ឲ្យរស់នៅតាមផ្លូវរបស់ព្រះ នោះគេបែរជាយល់ថា យើងកំពុងបំបិទសិទ្ធិសេរីភាពរបស់គេហើយ ព្រោះគេយល់ថា សេរីភាពរបស់មនុស្សម្នាក់ៗ គឺជាសិទ្ធិដែលគ្មាននរណាអាចដកហូតបានឡើយ។ ហើយអ្នកណាដែលនិយាយស្តី តាមព្រំដែនកំណត់របស់ព្រះ អ្នកនោះមុខជានឹងត្រូវគេបន្តោសថា បាននិយាយស្តីហួសព្រំដែនហើយ។
ប៉ុន្តែ ពេលដែលមនុស្សយើង កំពុងការពារសេរីភាពរបស់ខ្លួន តាមរបៀបនេះ ពួកគេក៏គួរតែកត់សំគាល់ថា សង្គមរបស់យើងសព្វថ្ងៃ កំពុងតែមានពេញទៅដោយភាពឥតន័យ និងភាពអស់សង្ឃឹមដ៏គួរឲ្យខ្លាច។ រាស្រ្តរបស់ព្រះ គួរតែមានការយល់ដឹង អំពីព្រំដែននៃការប្រព្រឹត្ត តាមរបៀបខុសពីលោកិយ។ យើងត្រូវមានការយល់ដឹង ដូចអ្នកនិពន្ធទំនុកដំកើងដែរ ដោយយល់ថា ជីវិតដែលមានពរ ជាជីវិតដែលអរសប្បាយនឹងក្រឹត្យវិន័យនៃព្រះ(១:២) គឺមិនត្រូវរស់នៅដូចអ្នកដែល “ដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប”ឡើយ(ខ.១)។ អ្នកជឿព្រះយេស៊ូវត្រូវដឹងថា ព្រះបានដាក់ព្រំដែនកំណត់ឲ្យយើង តែមិនមែនដើម្បីដកយកសុភមង្គល ចេញពីជីវិតរបស់យើងទេ។ ផ្ទុយទៅវិញ ព្រំដែននោះ ជារបងដ៏បរិសុទ្ធ ដែលបានសង់ព័ទ្ធជុំវិញយើង ដើម្បីជួយឲ្យយើងជៀសផុត ពីការបោកបញ្ឆោត និងបញ្ហាដែលកើតឡើងពីការរស់នៅ តាមតែទំនើងចិត្តរបស់ខ្លួន។
បើសិនជាលើកក្រោយ អ្នកបានជួបការល្បួងឲ្យដើរហួសព្រំដែនរបស់ព្រះ សូមនឹកចាំអំពីគោលបំណងដែលទ្រង់មាន នៅក្នុងការដាក់របងទាំងនោះ។ សូមយើងសម្រេចចិត្ត អរព្រះគុណព្រះ ដែលបានដាក់ព្រំដែនទាំងនោះ ព្រមទាំងបានប្រទានពរយើង តាមរយៈរបងទាំងនោះ។—Joe Stowell