ខ្ញុំយល់ថា អ្នកដែលបានផ្តើមគំនិតបង្កើតកីឡាវាយកូនបាល់ ធីប៊ល(T-ball) គឺជាមនុស្សឆ្លាតណាស់ ព្រោះក្នុងកីឡានេះ ក្មេងៗទាំងអស់ នៅក្នុងទីលានប្រកួតសុទ្ធតែទទួលបាននូវការកម្សាន្តសប្បាយ និងក្តីអំណរ ពីការលេងកីឡាប្រភេទនេះ មុនពេលដែលពួកគេភ្លក់រស់ជាតិនៃការខកចិត្ត នៅពេលដែលខ្លួនវាយកូនបាល់ខុស។
ក្នុងកីឡាវាយកូនបាល់ ធីប៊ល គេដាក់កូនបាល់នៅលើកូនបង្គោលជ័រមួយ ដែលមានកម្ពស់ត្រឹមចង្កេះមនុស្សធំ សម្រាប់ឲ្យក្មេងៗអាយុពី៥ ដល់៦ឆ្នាំវាយ។ ក្មេងៗទាំងនោះខំវាយបាល់នោះឲ្យចំ ហើយពួកគេចាប់ផ្តើមរត់។ នៅក្នុងយប់ដំបូង ដែលខ្ញុំបានបង្វឹកក្មេងៗ ក្មេងដែលជាអ្នកវាយកូនបាល់ បានវាយកូនបាល់ត្រូវជាលើកទីមួយ ផ្លោងចេញទៅក្រៅខ្សែបន្ទាត់នៃទីលានប្រកួត។ ភ្លាមនោះ កីឡាករដ៏ក្មេងខ្ចីទាំងអស់ នៅក្នុងទីតាំងនីមួយៗ សុទ្ធតែរត់ទៅរើសកូនបាល់ នៅក្រៅខ្សែបន្ទាត់ ជាជាងឈរចាំ នៅកន្លែងដែលពួកគេត្រូវឈរចាំទទួលបាល់។ ពេលដែលមានកីឡាករណា ក្នុងចំណោមពួកគេ រត់ទៅរើសបានកូនបាល់នោះហើយ គាត់ក៏ងាកមករកអ្នកដែលចាំទទួលកូនបាល់ក្នុងទីលាន តែពេលនោះ គ្មានកីឡាករណាមួយ ចាំទទួលបាល់ក្នុងខ្សែបន្ទាប់ទីលានឡើយ! ព្រោះកីឡាករទាំងអស់ សុទ្ធតែកំពុងឈរផ្តុំគ្នា នៅខាងក្រៅខ្សែបន្ទាប់ទីលាន ទាំងស្រែហោរ យ៉ាងរីករាយក្រៃលែង!
សម្រាប់អ្នកដែលទើបតែបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្គ្រោះ ពួកគេក៏មានសេចក្តីអំណរក្រៃលែង ដែលធ្វើឲ្យយើងចង់ចូលរួមអរសប្បាយជាមួយគាត់ដែរ។ មិនមែនមានតែយើងទេ ដែលអរសប្បាយជាមួយគាត់ សូម្បីតែពួកទេវតា នៅក្នុងនគរស្ថានសួគ៌ ក៏មានការត្រេកអរ ផងដែរ(លូកា ១៥:៧)។ អ្នកដែលទើបទទួលជឿព្រះយេស៊ូវ បានចាប់ចិត្តស្រឡាញ់ព្រះ ហើយមានចិត្តរំភើបណាស់ ដោយបានស្គាល់ទ្រង់ និងរៀនព្រះបន្ទូលទ្រង់។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលបានទទួលជឿព្រះបានរយៈពេលយូរហើយ ប្រហែលជាមានការបាក់ទឹកចិត្ត ដោយសារការពិបាក លពួកគេជួបក្នុងការរស់នៅ ជាគ្រីស្ទបរិស័ទ ហើយបានភ្លេចក្តីអំណរដើម ដែលខ្លួនធ្លាប់មាន ពេលទទួលជឿព្រះថ្មីៗ។ ដូចនេះ ចូរយើងឆក់ឱកាសអរសប្បាយ ជាមួយនឹងអ្នកដែលទើបតែទទួលជឿព្រះ។ ព្រះអាចប្រើក្តីអំណររបស់ពួកគេ ដើម្បីបណ្តាលចិត្តអ្នកឲ្យមានការប្តេជ្ញាចិត្តជាថ្មី ថ្វាយព្រះយេស៊ូវ។–Randy Kilgore