វាជាថ្ងៃដ៏ល្អឥតខ្ចោះ សម្រាប់ការលក់ដូររបស់របរក្នុងផ្ទះ ដែលយើងឈប់ប្រើ ព្រោះផ្ទៃមេឃស្រឡះ ហើយអាកាសធាតុក៏ល្អទៀត។ មនុស្សម្នាបានមកមើលខោអាវ សៀវភៅសម្រាប់អាន និងចានបាយដែលមានទំហុំខុសៗគ្នា ដែលយើងបានតម្រៀបនៅមុខផ្ទះ។ ពេលនោះ ខ្ញុំក៏ចាប់អារម្មណ៍ឃើញថា មានស្រ្តីម្នាក់កំពុងមើលខ្សែករពណ៌សរមួយខ្សែ។ ពីរបីនាទីក្រោយមក ខ្សែករមួយខ្សែនោះ ក៏បានបាត់ស្រមោល ហើយស្រ្តីដែលចូលចិត្តខ្សែករនោះក៏លែងឃើញនៅទីនោះដែរ។ ពេលខ្ញុំក៏ក្រឡេចទៅឃើញនាងកំពុងដើរតាមផ្លូវ ខ្ញុំក៏រត់ត្រឹកៗតាមពីក្រោយនាង ហើយក៏ឃើញគ្រឿងអល្ល័ង្កាដែលខ្ញុំបានបាត់នោះ កំពុងនៅក្នុងដៃនាង។ ពេលដែលយើងប្រឈមមុខគ្នា ដើម្បីដោះស្រាយបញ្ហានេះ នាងក៏ព្រមបង់ថ្លៃ សម្រាប់របស់ដែលនាងបានលួចនោះ។
លោកសាខេជាអ្នកយកពន្ធ ដែលបានឡើងដើមឈើមើលព្រះយេស៊ូវ។ ពេលគាត់បានជួបព្រះយេស៊ូវ ជីវិតគាត់ក៏មានការផ្លាស់ប្រែ។ គាត់បានសន្យាថា នឹងសងប្រាក់១ជា៤ ដល់អ្នកណា ដែលគាត់បានកេងបំបាត់(លូកា ១៩:៨)។ នៅសម័យនោះ ពួកអ្នកយកពន្ធច្រើនតែគិតពន្ធប្រជាជនលើសកំណត់ ហើយយកប្រាក់លើសនោះ ដាក់ចូលក្នុងហោប៉ៅខ្លួនឯង។ ការដែលលោកសាខេមានចិត្តអន្ទះសារ ចង់សងប្រាក់នោះទៅគេវិញ ហើយចែករំលែកទ្រព្យសម្បត្តិរបស់គាត់ពាក់កណ្តាលដល់អ្នកក្រ គឺបានបង្ហាញពីការប្រែចិត្តរបស់គាត់។ កាលពីមុន គាត់ជាអ្នកយករបស់ពីគេ តែក្រោយពីបានជួបព្រះយេស៊ូវហើយ គាត់បានប្តេជ្ញាចិត្តថា នឹងសងទៅគេវិញ ព្រមទាំងធ្វើជាអ្នកចែករំលែកទ្រព្យផង។
គំរូរបស់លោកសាខេ អាចលើកទឹកចិត្តយើង ឲ្យមានការកែប្រែដូចគាត់ផងដែរ។ ពេលដែលព្រះរំឭកឲ្យយើងនឹកចាំអំពីរបស់ដែលយើងបានយកពីគេ ប្រាក់ពន្ធដែលយើងមិនបានបង់ ឬការដែលយើងបានធ្វើខុសចំពោះអ្នកដទៃ យើងអាចថ្វាយសិរីល្អដល់ទ្រង់ ដោយធ្វើឲ្យត្រឹមត្រូវតាមបំណងព្រះទ័យទ្រង់វិញ។–Jennifer Benson Schuldt