ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខ្ញុំបានបង្កើតក្រុមទ្រទ្រង់ សម្រាប់ជួយគ្រីស្ទបរិស័ទ ដែលកំពុងមានបញ្ហាអត់ការងារធ្វើ។ យើងបានជួយពិនិត្យពាក្យចូលធ្វើការរបស់ពួកគេ ជួយស្វែងរកបណ្តាញការងារ ព្រមទាំងជួយអធិស្ឋានឲ្យពួកគេផងដែរ។ ក្រោមមក មានបញ្ហាមួយកើតឡើង។ គឺនៅពេលដែលពួកគេរកបានការងារធ្វើ ពួកគេស្ទើរតែមិនដែលត្រឡប់មក ចូលរួមក្រុមរបស់យើងវិញ ដើម្បីផ្តល់នូវការទឹកចិត្តឡើយ។ ការនេះបានធ្វើមានភាពឯកោ និងការដាច់ទំនាក់ទំនង កើតមានឡើងកាន់តែខ្លាំងឡើងៗ សម្រាប់អ្នកដែលសល់នៅក្នុងក្រុមទ្រទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ មានបញ្ហាកាន់តែអាក្រក់ជាងនេះទៅទៀត បានកើតឡើង ដោយសារអ្នកខ្លះ ដែលរកបានការងារធ្វើ ហើយមិនដែលបាត់បង់ការងារ។ ពួកគេបានបញ្ចេញយោបល មកកាន់អ្នកដែលមិនទាន់មានការងារធ្វើ ដោយការស្តីបន្ទោស គឺមិនខុសពីការដែលមិត្តភ័ក្រលោកយ៉ូប បានចោទប្រកាន់គាត់ ពេលដែលគាត់កំពុងមានទុក្ខវេទនាថា “បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នក បានប្រកបដោយសេចក្តីចំរើនផង”(យ៉ូប ៨:៦)។ ក្នុងជំពូក១២ លោកយ៉ូបបានចាប់ផ្តើមនិយាយពាក្យ ដែលអ្នកមានការងារធ្វើ នៅសម័យសព្វថ្ងៃ អាចយល់បាន។ គាត់មានប្រសាសន៍ថា គាត់មិនឲ្យតម្លៃពួកអ្នក ដែលចេះតែមានជីវិតសុខស្រួលជានិច្ចនោះឡើយ (ខ.៥)។
ពេលដែលអ្វីៗមានដំណើរការល្អ យើងប្រហែលជាចាប់ផ្តើមគិតថា យើងជាមនុស្សដែលល្អជាងពួកអ្នកដែលកំពុងមានបញ្ហា ឬជាមនុស្សដែលព្រះស្រឡាញ់ជាង ពួកអ្នកដែលកំពុងមានបញ្ហាហើយ បានជាយើងគ្មានបញ្ហាដូចនេះ។ យើងបានភ្លេចហើយថា លោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប បាននាំឲ្យមានផលប៉ះពាល់ មកលើមនុស្សគ្រប់រូប ដោយមិនរើសមុខឡើយ។ ព្រះអម្ចាស់ស្រឡាញ់យើងរាល់គ្នា ហើយយើងរាល់គ្នាសុទ្ធតែត្រូវការទ្រង់ ទោះជាយើងកំពុងមានភាពសុខសប្បាយ ឬកំពុងមានទុក្ខលំបាកក៏ដោយ។ ជ័យជម្នះ ភាពពេញបរិបូរ និងមុខតំណែងដែលព្រះបានប្រទានយើង គឺជាឧបករណ៍ដែលជួយឲ្យយើងចេះលើកទឹកចិត្តអ្នកដទៃ ពេលដែលពួកគេកំពុងមានបញ្ហា។—Randy Kilgore