ការធ្វើដំណើរដោយឡានក្រុង ពីក្រុងមេមភីស រដ្ឋថេនេស៊ី ទៅក្រុងសេន លូវីស រដ្ឋមីសសូរី តាមធម្មតា ចំណាយពេលប្រហែល៦ម៉ោង បើសិនជាអ្នកបើកបរឡានក្រុង មិនបានទុកអ្នកចោល នៅស្ថានីយប្រេងឥន្ធនៈទេនោះ។ ការនេះបានកើតឡើង ចំពោះអ្នកដំណើរ៤៥នាក់ ដែលបានធ្វើដំណើរតាមឡានក្រុងមួយគ្រឿង ហើយត្រូវអ្នកបើកបរឡានក្រុងនោះ ទុកពួកគេចោល បានជាពួកគេត្រូវរង់ចាំពេញមួយយប់ អស់ពេល៨ម៉ោង ទំរាំតែមានអ្នកបើកបរម្នាក់ទៀតមកជំនួសអ្នកបើកបរចាស់។ ពេលនោះ ពួកគេប្រាកដជាមានអារម្មណ៍ធុញថប់ ដោយសារការពន្យាពេលធ្វើដំណើរ និងថប់បារម្ភអំពីលទ្ធផល ដែលនឹងចេញមក ហើយក៏មានចិត្តអន្ទះសារក្នុងការរង់ចាំជំនួយផងដែរ។
លោកយ៉ូសែប ប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ ពេលដែលគេយកគាត់ទៅដាក់គុក ដោយសារបទឧក្រឹដ្ឋដែលគាត់មិនបានប្រព្រឹត្ត (លោកុប្បត្តិ ៣៩)។ គាត់ត្រូវគេបោះបង់ចោល ហើយលែងនឹកនា ដូចនេះគាត់ត្រូវគាំងដំណើរក្នុងគុក មិនអាចទៅណារួចឡើយ។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្តីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង”(ខ.២១)។
ក្រោយមក មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ហើយការអ្វីដែលគាត់ធ្វើ “នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក”(ខ.២៣)។ ប៉ុន្តែ ទោះបីជាព្រះអម្ចាស់បានគង់នៅជាមួយ ហើយប្រទានពរគាត់ក្តី ក៏គាត់នៅតែជាប់គុកអស់ជាច្រើនឆ្នាំ។ អ្នកប្រហែលជាកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ទៅណាមិនរួច នៅក្នុងមន្ទីឃុំឃាំង ឬនៅក្នុងប្រទេសដែលឆ្ងាយពីផ្ទះរបស់អ្នក ឬមួយជាប់ឃុំនៅក្នុងគុកដែលមានក្នុងចិត្តរបស់ខ្លួនឯងជាដើម។ តែទោះបីជាអ្នកកំពុងនៅទីណា ឬជាប់នៅទីនោះមានរយៈពេលយូរប៉ុណ្ណាហើយក៏ដោយ ក៏សេចក្តីមេត្តា និងក្តីសប្បុរសរបស់ព្រះ នៅតែអាចឈោងមកដល់អ្នក។ ដោយសារទ្រង់ជាព្រះដ៏មានចេស្តា (និក្ខមនំ ៦:៣) ហើយគង់នៅគ្រប់ទីកន្លែង (យេរេមា ២៣:២៣-២៤) នោះទ្រង់អាចការពារ លើកអ្នកខ្ពស់ឡើង ហើយផ្គត់ផ្គង់ដល់អ្នក នៅពេលដែលហាក់ដូចជាគ្មាននរណាម្នាក់អាចជួយអ្នកបាន។–Jennifer Benson Schuldt