បន្ទាប់ពីហេតុការណ៍ នៃខ្យល់កួចយក្សថូនេដូ ដ៏បង្ហិនបង្ហោចបានបញ្ចប់ មានបុរសម្នាក់បានឈរនៅក្រៅផ្ទះរបស់គាត់ ដែលបានទទួលរងការបំផ្លាញ។ នៅក្នុងផ្ទះនោះ មានរបស់របរជាច្រើនបានរាយប៉ាយ ដែលមានដូចជាគ្រឿងអល្ល័ង្ការបស់ភរិយាគាត់ និងវត្ថុមានតម្លៃដែលគាត់បានប្រមូលទុក។ ប៉ុន្តែ បុរសម្នាក់នេះ មិនមានបំណងចង់ចូលស្វែងរករបស់ទាំងនោះ នៅក្នុងផ្ទះ ដែលហៀបតែនឹងរលំនោះឡើយ។ គាត់មានប្រសាសន៍ថា “ខ្ញុំមិនសមនឹងប្រថុយជីវិត ដើម្បីរបស់ទាំងអស់នោះឡើយ”។
ពេលដែលជីវិតយើងមានវិបត្តិ យើងច្រើនតែផ្តោតទៅលើការអ្វីដែលពិតជាសំខាន់ ចំពោះយើង។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៩០ ដែលជា “សេចក្តីអធិស្ឋានរបស់លោកម៉ូសេ” ក្នុងនាមជាមនុស្សសំណប់របស់ព្រះ លោកម៉ូសេបានពិចារណាអំពីជីវិត ដោយរាប់ចាប់តាំងពីដើមដំបូង ដល់ចុងបញ្ចប់នៃជីវិតមនុស្ស។ គាត់បានដឹងថា ជីវិតគាត់ខ្លីណាស់ (ខ.៤-៦) ហើយសេចក្តីក្រោធរបស់ព្រះក៏បរិសុទ្ធផង (ខ.៧-១១) នោះគាត់បានអធិស្ឋានទូលអង្វរ សូមឲ្យព្រះប្រទាននូវការយល់ដឹងដល់គាត់ បានជាគាត់ទូលទ្រង់ថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ខ.១២)។
ក្នុងទំនុកដដែលនេះ លោកម៉ូសេបានទូលអង្វរ សូមសេចក្តីស្រឡាញ់របស់ព្រះ យ៉ាងដូចនេះថា “ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្តីអំណររហូតដល់អស់១ជីវិត”(ខ.១៣-១៤) នៅចុងបញ្ចប់ គាត់ក៏បានអធិស្ឋានអំពីពេលអនាគតថា “សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងការនៃដៃយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនឡើង អើ សូមតាំងការនៃដៃយើងខ្ញុំឲ្យស្ថិតស្ថេរចុះ”(ខ.១៧)។
ចំនួននៃថ្ងៃដែលយើងនៅសល់ក្នុងលោកិយនេះ ព្រមទាំងភាពខ្លីនៃជីវិតរបស់យើង បានអំពាវនាវឲ្យយើង ឱបក្រសោបយកសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ព្រះ ហើយឲ្យផ្តោតទៅលើការដែលសំខាន់បំផុត ដូចលោកម៉ូសេដែរ។–David McCasland