អស់រយៈពេល២ទសវត្សរ៍ហើយ ដែលលោកម៉ៃឃ៍ ហ៊ែនស៍(Mike Hands) ដែលជាអ្នកបរិស្ថាន បានធ្វើកិច្ចការ ដើម្បីជួយកសិករនៅតំបន់អាមេរិកកណ្តាល ឲ្យប្រើវិធីសាស្រ្តដែលមានប្រសិទ្ធភាពជាងមុន នៅក្នុងការដាំដុះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានការពិបាក នៅក្នុងការបោះបង់ចោលប្រពៃណីនៃការធ្វើកសិកម្ម ដែលពួកគេបានអនុវត្តតាម តាំងពីយូរមកហើយ ដោយ “ការកាប់ឆ្កាព្រៃ ហើយដុត” ដើម្បីដាំដំណាំ ទោះបីជាពួកគេបានដឹងហើយថា ប្រពៃណីនេះបានធ្វើឲ្យខូចដី ហើយបំពុលបរិយ៉ាកាសទៀតក៏ដោយ។ ដូចនេះ លោកម៉ៃឃ៍ មិនគ្រាន់តែបាននិយាយប្រាប់ពួកគេឡើយ តែថែមទាំងបានបង្ហាញឲ្យពួកគេឃើញវិធីសាស្រ្តធ្វើចំការ ដែលប្រសើរជាងនេះ។ ក្នុងខ្សែវីដេអូឯកសារ ដែលមានចំណងជើងថា ផ្សែងហុយទ្រលោម គាត់បានមានប្រសាសន៍ថា “អ្នកត្រូវធ្វើការបង្ហាញ ឲ្យគេឃើញ បើគ្រាន់តែនិយាយប្រាប់គេ នោះមិនទាន់គ្រប់គ្រាន់ឡើយ។ អ្នកអាចរៀបរាប់ប្រាប់ពួកគេ តែយើងត្រូវតែធ្វើឲ្យពួកគេមើល”។
យ៉ាងណាមិញ សាវ័កប៉ុលក៏បានប្រើវិធីសាស្រ្តស្រដៀងគ្នា ដើម្បីផ្សាយដំណឹងល្អ អំពីព្រះយេស៊ូវគ្រីស្ទ។ គាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូសថា “ឯពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ ដើម្បីកុំឲ្យសេចក្តីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ”(១កូរិនថូស ២:៤-៥)។ នៅក្នុងសំបុត្រនេះដដែល សាវ័កប៉ុលក៏បានប្រាប់ពួកគេទៀតថា “ដ្បិតនគរព្រះមិនសំរេចនឹងពាក្យសំដីប៉ុណ្ណោះទេ គឺស្រេចនឹងឥទ្ធិឫទ្ធិវិញ”(៤:២០)។
ក្នុងការរស់នៅប្រចាំថ្ងៃ ចូរយើងទូលសូមឲ្យព្រះជួយយើង ឲ្យមានទីបន្ទាល់ល្អ ដែលគួបផ្សំជាមួយនឹងពាក្យសម្តីដែលយើងថ្លែងប្រាប់គេអំពីទ្រង់។ ពេលដែលយើងអនុញ្ញាតឲ្យព្រះ បង្ហាញព្រះអង្គទ្រង់តាមរយៈយើង នោះមានន័យថា យើងកំពុងតែបង្ហាញឲ្យគេស្គាល់ព្រះគុណ និងសេចក្តីស្រឡាញ់របស់ទ្រង់ តាមរបៀបដ៏មានអំណាច។–David McCasland