នាងលេអាប្រាកដជាគេងមិនលក់ មួយយប់ទល់ភ្លឺ ដោយសារនាងរង់ចាំមើលលោកយ៉ាកុប ដែលជាស្វាមី ភ្ញាក់ពីដំណេក។ នាងដឹងថា នាងមិនមែនជាមនុស្សដែលលោកយ៉ាកុបចង់ឃើញ ពេលដែលគាត់ភ្ញាក់ឡើងទេ ព្រោះអ្នកដែលគាត់ស្រឡាញ់ គឺនាងរ៉ាជែល។ លោកយ៉ាកុបត្រូវលោកឡាបាន់ ដែលជាឪពុកក្មេកបោកប្រាស់ ហើយពេលដែលគាត់ដឹងថា ឪពុកក្មេកគាត់ “បានដាក់នុយបញ្ឆោត ហើយលួចដូរកូនក្រមុំ” លោកយ៉ាកុបក៏ប្រញាប់រកផ្លូវដោះស្រាយជាមួយនឹងគាត់ ដើម្បីយកស្រ្តីដែលគាត់បានសន្យាថា នឹងលើកឲ្យគាត់នោះ ឲ្យបានដូចចិត្ត(លោកុប្បត្តិ ២៩:២៥-២៧)។
តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនជាមនុស្សមិនសំខាន់ ឬជាមនុស្សល្អលេខពីរឬទេ? នេះហើយជាអារម្មណ៍ដែលនាងលេអាមាន នៅពេលនោះ។ យើងអាចដឹងថា នាងមានអារម្មណ៍ពិបាកយ៉ាងនេះ ដោយធ្វើការស្វែងយល់ អំពីការដែលនាងបានដាក់ឈ្មោះ ឲ្យកូនច្បងទាំងបីរនាក់របស់នាង(ខ.៣១-៣៥) ដែលមានដូចជា រូបេន ដែលមានន័យថា “សូមមើលកូនប្រុសនេះ” ហើយ ស៊ីម្មាន មានន័យថា “បានឮ” រីឯឈ្មោះលេវី វិញគឺមានន័យថា “នៅជាប់”។ អត្ថន័យរបស់ឈ្មោះកូនប្រុសទាំងបីរនាក់នេះ សុទ្ធតែបង្ហាញថា នាងកំពុងតែខ្វះសេចក្តីស្រឡាញ់របស់លោកយ៉ាកុប។ ពេលដែលកូនប្រុសនីមួយៗចាប់កំណើតមក នាងបានសង្ឃឹមនឹងបានទទួលការពេញចិត្ត និងសេចក្តីស្រឡាញ់ពីលោកយ៉ាកុប។ ប៉ុន្តែ អាកប្បកិរិយ៉ារបស់នាងលេអាក៏បានផ្លាស់ប្តូរ បន្តិចម្តងៗ ហើយនាងក៏បានដាក់ឈ្មោះកូនទីបួនរបស់នាងថា “យូដា” ដែលមានន័យថា “សរសើរដំកើង”(ខ.៣៥)។ ដូចនេះ ទោះបីជានាងមានអារម្មណ៍ថា ខ្លួនមិនបានទទួលសេចក្តីស្រឡាញ់ពីប្តីរបស់នាងក៏ដោយ ក៏នាងនៅតែដឹងផងដែរថា ព្រះទ្រង់ស្រឡាញ់នាងយ៉ាងខ្លាំង។
យើងមិនអាចធ្វើអ្វី ដើម្បីឲ្យព្រះស្រឡាញ់យើងបានឡើយ ព្រោះសេចក្តីស្រឡាញ់របស់ទ្រង់ មិនអាស្រ័យទៅលើការអ្វីដែលយើងធ្វើឡើយ។ ជាការពិតណាស់ ព្រះគម្ពីរបានប្រាប់យើងថា “ព្រះគ្រីស្ទបានសុគតជួសយើង ក្នុងកាលដែលយើងនៅមានបាបនៅឡើយ”(រ៉ូម ៥:៨)។ ក្នុងព្រះនេត្ររបស់ព្រះ យើងម្នាក់ៗមានតម្លៃបំផុត បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់ ដល់យើងរាល់គ្នា។–Cindy Hess Kasper