អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំនៅតែមិនទាន់យល់ទាំងស្រុង អំពីការអធិស្ឋាន។ ការអធិស្ឋានគឺជាការអាថ៌កំបាំងសម្រាប់ខ្ញុំ។ តែការមួយដែលខ្ញុំដឹងនោះគឺ ពេលដែលយើងកំពុងទាល់ច្រកអស់ផ្លូវ នោះការអធិស្ឋានក៏បានឮចេញពីបបូរមាត់យើង យ៉ាងងាយ ហើយក៏ចេញពីជម្រៅចិត្តដ៏ជ្រាលជ្រៅបំផុតទៀតផង។ ពេលដែលយើងមានការភ័យខ្លាចខ្លាំង ពេលដែលយើងអស់សមត្ថភាពហើយនៅពេលដែលយើង ត្រូវបានបង្ខំឲ្យចេញពីកន្លែងស្រណុកស្រួល ពេលដែលសុខុមាលភាពយើងកំពុងតែមានបញ្ហា និងគ្រោះថ្នាក់ នោះយើងក៏រើសយកការអធិស្ឋានជាជម្រើសចុងក្រោយ ដោយមិនដឹងខ្លួន។ តាមធម្មតា នៅពេលនោះ យើងច្រើនតែស្រែកឡើងថា “ព្រះអង្គអើយ សូមជួយកូនផង!”
លោកយូជីន ភីធ័រសាន់(Eugene Peterson) ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញ បានមានប្រសាសន៍ថា “ភាសានៃសេចក្តីអធិស្ឋាន ត្រូវបានគេបង្កើត ក្នុងពេលដែលមានបញ្ហាដ៏លំបាក។ ពេលដែលយើងមិនអាចជួយខ្លួនឯងបាន ហើយស្រែករកជំនួយ ពេលដែលយើងមិនចង់នៅកន្លែង ដែលយើងកំពុងនៅ ហើយចង់ចាកចេញ ពេលដែលយើងមិនចូលចិត្តលក្ខណៈសម្បត្តិដែលចង់កែប្រែ នោះយើងប្រើភាសាជាមូលដ្ឋានរបស់យើង ហើយភាសានេះក៏ក្លាយជាឫសនៃសេចក្តីអធិស្ឋានរបស់យើង”។
ការអធិស្ឋានចាប់ផ្តើម ក្នុងពេលមានបញ្ហា ហើយការអធិស្ឋាននៅតែមានជាបន្តទៀត ព្រោះយើងតែងតែមានបញ្ហាជានិច្ច ទោះតូចឬធំក្តី។ ការអធិស្ឋានមិនតម្រូវឲ្យយើងមានការរៀបចំខ្លួនជាពិសេស មិនតម្រូវឲ្យយើងប្រើពាក្យបច្ចេកទេសអ្វីឡើយ ហើយក៏មិនតម្រូវថា យើងត្រូវតែឈរ ឬអង្គុយឡើយ។ ការអធិស្ឋានចេញពីខាងក្នុងចិត្តរបស់យើងមក ដោយជៀសមិនរួច ហើយមិនយូរមិនឆាប់ ការអធិស្ឋានក៏បានក្លាយជាទម្លាប់នៃការឆ្លើយតបរបស់យើង ចំពោះរឿងទាំងអស់ ទោះរឿងអាក្រក់ឬល្អ ដែលយើងបានជួបក្នុងជីវិតយើង (ភីលីព ៤:៦)។ យើងពិតជាមានអភ័យឯកសិទ្ធដ៏ពិសេសណាស់ ដែលយើងអាចផ្ទេរបន្ទុកគ្រប់យ៉ាងដល់ព្រះ ដោយការអធិស្ឋាន!–David Roper