ពេលដែលលោកអ្នកទិញគ្រឿងអល្ល័ង្កាដ៏ស្រស់ស្អាតមួយខ្សែរ ជាញឹកញាប់គេវេចខ្ចប់វា នៅក្នុងប្រអប់ពណ៌ខ្មៅ ឬពណ៌ក្រហមចាស់។ ខ្ញុំយល់ថា គេបានរចនាយ៉ាងនេះមក ដើម្បីកាលណាយើងមើលទៅប្រអប់នោះ នោះយើងក៏ចាប់អារម្មណ៍ មកលើសម្រស់នៃគ្រឿងអល្ល័ង្កានោះភ្លាម។ បើសិនជាគេបានតុបតែងប្រអប់នោះឲ្យបានខ្លាំងជាងនោះទៅទៀត នោះប្រអប់នោះនឹងប្រជែងជាមួយនឹងសម្រស់របស់គ្រឿងអល្ល័ង្កាដ៏មានតម្លៃនោះហើយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល អំពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលទ្រង់ធ្វើតាមរយៈយើង គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងមានទ្រព្យសម្បត្តិនេះ នៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(២កូរិនថូស ៤:៧)។ យើងងាយនឹងភ្លេចថា យើងគឺជាភាជនៈដី ហើយព្រះរាជកិច្ចដែលទ្រង់ធ្វើតាមរយៈយើង គឺជាភោគទ្រព្យដ៏មានតម្លៃ។ ហេតុនេះហើយបានយើងច្រើនតែចង់តុបតែងភាជនៈដីរបស់យើង ដោយខំធ្វើឲ្យគេសរសើរយើង សម្រាប់ការអ្វីដែលយើងបានធ្វើ ដើម្បីបម្រើព្រះគ្រីស្ទ។ យើងចង់ឲ្យគេសរសើរយើង ពេលដែលយើងអត់ទោស ឬបង្ហាញក្តីមេត្តា ឬក៏ភាពសប្បុរសដល់នរណាម្នាក់។ បញ្ហានៅត្រង់ចំណុចនេះ គឺថា ពេលដែលយើងចាប់ផ្តើមស្វែងរកការបញ្ជាក់ ឬការសរសើរ សម្រាប់ការល្អដែលយើងធ្វើ នោះមានន័យថា យើងកំពុងប្រជែងជាមួយភាពរុងរឿងនៃទ្រព្យសម្បត្តិ ដែលជាព្រះរាជកិច្ចដែលទ្រង់ធ្វើតាមរយៈយើងហើយ។
ពេលដែលយើងធ្វើការអ្វីថ្វាយព្រះគ្រីស្ទ គឺយើងមិនមែនធ្វើដើម្បីខ្លួនឯងឡើយ តែដើម្បីសិរីល្អទ្រង់។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានមានប្រសាសន៍ថា ព្រះបានដាក់ទ្រព្យក្នុងភាជនៈដី ដើម្បីឲ្យយើងបានថ្វាយសិរីល្អដល់ព្រះនាមទ្រង់។ ម្យ៉ាងទៀត យើងត្រូវដឹងថា តើភាជនៈដីមានតម្លៃដោយសារអ្វី? គឺដោយសារទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលនៅខាងក្នុងនោះឯង!–Joe Stowell