យានអវកាសវ៉ូយអ៊ិជ័រទី១(Voyager 1) ដែលគេបានបាញ់បង្ហោះ ឡើងទៅក្នុងអាវកាស ក្នុងឆ្នាំ ១៩៧៧ កំពុងតែស្ថិតនៅជាយខាងក្រៅ នៃប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមានចម្ងាយប្រហែលជាង ១៦ពាន់លានគីឡូម៉ែត្រ។ ក្នុងខែកុម្ភៈ ឆ្នាំ ១៩៩០ ពេលដែលយានអវកាសវ៉ូយអ៊ិជ័រទី១ មានចម្ងាយជិត៦ពាន់លានគីឡូម៉ែត្រពីយើង អ្នកវិទ្យាសាស្រ្តបានបញ្ជាវាពីចម្ងាយ ដោយឲ្យវាបង្វែរម៉ាស៊ីនថតរូបរបស់វា មករកផែនដី ហើយថតយករូបភាពមួយចំនួន ដែលបង្ហាញថា ភពផែនដីរបស់យើងស្ទើរតែប្រៀបដូចជាចំណុចពណ៌ខៀវដ៏តូចដែលមិនអាចពិពណ៌នាបាន នៅក្នុងមហាសាគរដ៏ធំឥតកោះត្រើយ នៃអាវកាស។ បើយើងប្រៀបធៀបផែនដី នឹងសកលោកដ៏ធំមិនអាចវាស់បានរបស់យើង នោះផែនដីគ្រាន់តែជាចំណុចដ៏តូចល្អិតជាទីបំផុត។ ហើយមានមនុស្ស៧ពាន់លាននាក់ កំពុងតែរស់នៅ ក្នុងគ្រាប់ខ្សាច់ដ៏តូចមួយនេះ ដែលស្ថិតនៅក្នុងមហាសមុទ្រនៃកាឡាក់ស៊ី។
បើការប្រៀបធៀបនេះ ធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនមានសារៈសំខាន់ នោះព្រះទ្រង់មានដំណឹងល្អសម្រាប់អ្នក។ ក្នុងទំនុកដំកើងរបស់ស្តេចដាវីឌ មានសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលអាចអនុញ្ញាតឲ្យអ្នកបោះជំហានចេញ ទៅយកខ្យល់នៅពេលរាត្រី គយគន់ផ្កាយនៅលើមេឃ ដោយអំណរ។ បទគម្ពីរទំនុកដំកើង ៨:៣-៥ បានប្រាប់យើងថា យើងគឺជាដួងតារាដ៏អស្ចារ្យ នៅចំពោះព្រះនេត្រទ្រង់ គឺដូចដែលមានសេចក្តីចែងថា “កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ … នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ? … ក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ”។ ចូរពិចារណាអំពីសេចក្តីនេះចុះ! ព្រះដែលបានមានបន្ទូលមួយព្រះឱស ឲ្យសកលោកកើតចេញជារូបរាង ដ៏ធំល្វឹងល្វើយយ៉ាងនេះ ដែលសូម្បីតែកែវយឺតយក្សហាប់ប៊ល(Hubble) នៅតែមិនអាចរកឃើញចុងបំផុតរបស់សកលលោក។ ទ្រង់ក៏បានបង្កើតយើងមក ហើយទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះយើង។ ទ្រង់យកព្រះទ័យទុកដាច់ចំពោះយើងខ្លាំងណាស់ បានជាទ្រង់ចាត់ព្រះយេស៊ូវឲ្យយាងចុះពីនគរស្ថានសួគ៌ ដើម្បីសុគតជួសយើង។
ចូរមើលទៅស្នាព្រះហស្តទ្រង់ ដោយចិត្តស្ញប់ស្ញែង ហើយសរសើរដំកើងទ្រង់ សម្រាប់ការដែលទ្រង់បំពាក់ពីលើយើង ដោយមកុដនៃសិរីល្អ តាមរយៈព្រះរាជបុត្រាទ្រង់ ដែលមានព្រះនាមយេស៊ូវគ្រីស្ទ។–Dave Branon