លោកឃែន ជាបងប្អូនជីដូនមួយរបស់ខ្ញុំ ដែលបានប្រយុទ្ធនឹងជម្ងឺមហារីក ដោយចិត្តក្លាហាន អស់រយៈពេល៤ឆ្នាំ។ នៅក្នុងថ្ងៃចុងក្រោយ របស់គាត់នៅលើផែនដីនេះ ភរិយា កូនទាំងពីរនាក់ និងចៅរបស់គាត់បួនប្រាំនាក់ បានចូលក្នុងបន្ទប់គាត់ ដើម្បីចំណាយពេលជាមួយគាត់ ជាលើកចុងក្រោយ ព្រមទាំងនិយាយពាក្យលាគ្នាជាពិសេសផង។ ពេលដែលពួកគេចេញក្រៅបន្ទប់បានមួយស្របក់ គាត់ក៏បានលាចាកលោក ទៅនៅជាមួយព្រះ អស់កល្បជានិច្ច។ ពេលដែលក្រុមគ្រួសារគាត់បានដឹងថា គាត់បានផុតដង្ហើមហើយ ចៅស្រីដែលមានវ័យក្មេងរបស់គាត់ បានពោលពាក្យដ៏ផ្អែមថា “លោកតាបានចាកចេញទៅ យ៉ាងស្ងប់ស្ងាត់”។ ព្រះបានគង់នៅជាមួយលោកឃែន ក្នុងជីវិតដែលគាត់រស់បានមួយពេល ហើយមួយសន្ទុះក្រោយមក វិញ្ញាណរបស់គាត់ក៏បានទៅនៅជាមួយទ្រង់ នៅក្នុងនគរស្ថានសួគ៌។
លោកឃែនបានធ្វើពាក្យបណ្តាំ សុំឲ្យគេអានបទគម្ពីរទំនុកដំកើង ជំពូក១៦ ក្នុងពិធីរំឭកអំពីគាត់។ គាត់មានគំនិតយល់ស្រប ចំពោះស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរនេះ ដែលបានមានប្រសាសន៍ថា គ្មានទ្រព្យសម្បត្តិណា ដែលមានតម្លៃជាងការមានទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយព្រះឡើយ(ខ.២,៥)។ ស្តេចដាវីឌមានព្រះជាទីជ្រកកោនរបស់ទ្រង់ ដូចនេះ ទ្រង់ក៏បានជ្រាបផងដែរថា សេចក្តីស្លាប់មិនបានឆក់យកជីវិតអ្នកជឿព្រះឡើយ។ ទ្រង់មានបន្ទូលថា “ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ”(ខ.១០)។ ពេលដែលលោកឃែន ឬអ្នកដទៃទៀតដែលបានទទួលព្រះយេស៊ូវជាព្រះសង្រ្គោះ បានលាចាកលោកនេះទៅ ព្រះទ្រង់មិនបានបោះបង់ចោលពួកគាត់ ដោយឲ្យពួកគាត់ស្លាប់ជារៀងរហូតឡើយ។
ដោយសារការសុគត និងការមានព្រះជន្មឡើងវិញនៃព្រះយេស៊ូវ នោះយើងក៏នឹងបានរស់ពីស្លាប់ឡើងវិញ នៅថ្ងៃណាមួយ(កិច្ចការ ២:២៥-២៨ ១កូរិនថូស ១៥:២០-២២)។ ហើយយើងនឹងបានដឹងថា “នៅព្រះហស្តស្តាំទ្រង់ មានសេចក្តីអរសប្បាយ ជាដរាបតទៅ”(ទំនុកដំកើង ១៦:១១)។–Anne Cetas