តើការមានបំណងប្រាថ្នាខ្ពស់ ជាការខុសឆ្គងឬទេ? តើខុសដែរឬទេ ដែលយើងខំធ្វើឲ្យខ្លួនក្លាយជាមនុស្សដែលលេចធ្លោជាងគេ? ជាការពិតណាស់ ការទាំងអស់នេះអាចជាការខុសឆ្គង។ ការមានបំណងប្រាថ្នាខ្ពស់ អាចជាការខុសឬត្រូវ អាស្រ័យទៅលើគោលដៅ និងអ្វីដែលជំរុញចិត្តយើង គឺយើងអាចសួរខ្លួនឯងថា យើងធ្វើដើម្បីសិរីល្អព្រះ ឬដើម្បីភាពរុងរឿងរបស់ខ្លួនឯង។
ក្នុងបទគម្ពីរ ១ថែស្សាឡូនិច ៤:១ សាវ័កប៉ុលបានប្រាប់យើងថា គ្រីស្ទបរិស័ទត្រូវតែរស់នៅ “ដើម្បីបំពេញបំណងព្រះទ័យព្រះ”។ អ្នកខ្លះចាប់ផ្តើមមានបំណងចិត្តចង់បំពេញព្រះទ័យព្រះ ពេលដែលខ្លួនទើបតែទទួលសេចក្តីសង្រ្គោះ។ អ្នកខ្លះទៀតបានចំណាយពេលរៀនផ្គាប់ព្រះទ័យព្រះបន្តិចម្តងៗ។ តែទោះបីជាការផ្លាស់ប្រែរបស់យើង កើតឡើងភ្លាមៗ ឬមានដំណើរការយឺតៗក៏ដោយ ក៏ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែប្រមុលទៅមុខ ឆ្ពោះទៅរកគោលដៅដែលព្រះបានដាក់ឲ្យ គឺមិនមែនដើម្បីបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
ដូចនេះ បើសិនជាយើងកំពុងនៅកន្លែងធ្វើការ នោះយើងអាចសួរថា “តើការរីកចម្រើននៃការងាររបស់ខ្ញុំ ជួយឲ្យខ្ញុំបម្រើអ្នកដទៃ និងថ្វាយសិរីល្អដល់ព្រះឬទេ?” កាលណាយើងមានបំណងប្រាថ្នាធំសម្រាប់ព្រះ នោះយើងត្រូវផ្តោតទៅលើព្រះអង្គ និងទៅលើអ្នកដទៃ ដែលនៅខាងក្រៅខ្លួនយើង ដោយសួរខ្លួនឯងជានិច្ចថា ទ្រង់បានប្រទានអំណោយទានអ្វីខ្លះដល់យើង ហើយតើទ្រង់សព្វព្រះទ័យឲ្យយើងប្រើដោយរបៀបណា?
សាវ័កប៉ុលបានបង្រៀនយើង ឲ្យធ្វើការ “ដោយចិត្តស្មោះត្រង់ ដោយកោតខ្លាចព្រះ” (កូល៉ុស ៣:២២)។ ទោះយើងកំពុងធ្វើការអ្វីក៏ដោយ មិនថាតែនៅក្នុងបន្ទប់ការិយ៉ាល័យ ឬនៅក្នុងទូក ឬក៏នៅកន្លែងណាក៏ដោយ យើងត្រូវបម្រើអ្នកដទៃ ដោយគិតថា យើងកំពុងធ្វើការនេះថ្វាយព្រះ (ខ.២៣-២៤)។
យើងសរសើរដំកើងទ្រង់ និងអរសប្បាយនៅក្នុងទ្រង់បំផុត ពេលដែលយើងធ្វើការ ដោយចិត្តចង់ផ្គាប់ព្រះទ័យទ្រង់ គឺមិនមែនដើម្បីបំពេញចិត្តខ្លួនឯងឡើយ។ យើងធ្វើការដើម្បីបម្រើទ្រង់ និងបម្រើអ្នកដទៃ មិនមែនដើម្បីបម្រើខ្លួនឯង និងដើម្បីប្រយោជន៍ខ្លួនឯងនោះឡើយ ដ្បិតទ្រង់សក្តិសមនឹងឲ្យយើងលះបង់ទាំងអស់ថ្វាយដល់ទ្រង់។–Randy Kilgore