លោកអេឌវើត ផេយសិន(Edward Payson) គឺជាគ្រូអធិប្បាយដ៏ល្បីម្នាក់ នៅក្នុងសម័យមុន។ មានពេលមួយ មានមនុស្សតែម្នាក់ប៉ុណ្ណោះបានមកអង្គុយស្តាប់ការអធិប្បាយរបស់គាត់ ព្រោះនៅថ្ងៃអាទិត្យនោះមានព្យុះបក់បោកមក។ ជាច្រើនខែក្រោយមក បុរសម្នាក់នោះក៏បានជម្រាបគាត់ថា “ខ្ញុំទទួលការប៉ះពាល់ចិត្ត កាលពីថ្ងៃនោះ ហើយក៏បានទទួលជឿព្រះសង្គ្រោះ។ ដ្បិតនៅថ្ងៃនោះ ពេលដែលលោកគ្រូអធិប្បាយអំពីអំពើបាប និងសេចក្តីសង្រ្គោះ ខ្ញុំក៏បានក្រឡេចមើលជុំវិញខ្លួនខ្ញុំ ក្រែងលោលោកគ្រូកំពុងនិយាយសំដៅទៅរកអ្នកផ្សេង ប៉ុន្តែ ដោយ សារពេលនោះ មានតែខ្ញុំម្នាក់ដែលអង្គុយក្នុងព្រះវិហារ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីទទួលយកពាក្យគ្រប់ម៉ាត់ដែលលោកគ្រូអធិប្បាយ ទុកដាក់ក្នុងចិត្ត និងគំនិតខ្ញុំតែម្តង”។
ព្រះទ្រង់សង្រ្គោះមនុស្សម្តងម្នាក់ៗ។ បើអ្នកមានឱកាសនាំមនុស្សម្នាក់ឲ្យទទួលជឿព្រះ ការនោះជាកន្លែងបំពេញបេសកកម្មរបស់អ្នកហើយ។ គឺដូចដែលមានពាក្យស្លោកមួយពោលថា “វិញ្ញាណនីមួយដែលមានព្រះគ្រីស្ទ គឺជាបេសកជន ហើយវិញ្ញាណដែលគ្មានព្រះគ្រីស្ទ ជាកន្លែងបំពេញបេសកកម្មហើយ”។
មនុស្សតែម្នាក់មិនអាចឈោងចាប់លោកិយទាំងមូលបានឡើយ តែយើងអាចស្រឡាញ់អ្នកជិតខាងយើង។ យើងអាចសួរថា “តើអ្នកជិតខាងខ្ញុំជានរណា?” អ្នកជិតខាងយើង ជាអ្នកដែលយើងជួបតាមផ្លូវ។ គឺដូចកាលដែលព្រះវិញ្ញាណនាំលោកភីលីព ទៅជួបមនុស្សកម្រៀវសាសន៍អេធីយ៉ូពី ដែលកំពុងអានព្រះគម្ពីរ ហើយត្រូវការឲ្យនរណាម្នាក់ជួយពន្យល់គាត់ (កិច្ចការ ៨:២៦-៣៥)។ ព្រះវិញ្ញាណបានឲ្យលោកភីលីពមានពាក្យដែលនិយាយត្រូវចំណុច ហើយបុរសកម្រៀវរូបនោះ ក៏បានទទួលជឿព្រះគ្រីស្ទ នៅពេលនោះ(ខ.៣៧)។
ចូរអធិស្ឋានសូមឲ្យព្រះប្រទានមនុស្សដែលទ្រង់បានរៀបចំ។ ទ្រង់នឹងនាំអ្នកទៅកន្លែងដែលអ្នកត្រូវទៅ ដោយត្រូវពេលផង ដើម្បីឲ្យអ្នកនិយាយទៅកាន់អ្នកនោះ។ ទ្រង់នឹងមានបន្ទូលតាមរយៈបបូរមាត់របស់អ្នក ធ្វើការតាមរយៈដៃរបស់អ្នក ហើយបំពេញបំណងព្រះហឫទ័យដ៏ធំ នៅក្នុងជីវិតអ្នក។–David Roper