មានពេលមួយ ខ្ញុំបានធ្វើដំណើរតាមយន្តហោះ ជា​មួយមិត្តរួមការងាររបស់ខ្ញុំពីរនាក់។ ពេលដែលយើង​បានឆ្លងផុតកន្លែងត្រួតពិនិត្យសន្តិសុខនៃអាកាសយាន្តដ្ឋាន ហើយក៏បន្តដើរឆ្ពោះទៅរកច្រកទ្វារសម្រាប់ឲ្យយើងរង់ចាំ ខ្ញុំក៏បានឮគេស្រែកហៅឈ្មោះខ្ញុំថា “អាននេ សេតាស អាននេ សេតាស(Paging Anne Cetas)”។ មានតែខ្ញុំម្នាក់គត់ ដែលមានឈ្មោះនេះ ដូចនេះ យើងដឹងថា គេប្រាកដជាកំពុងតែហៅខ្ញុំហើយ។ ខ្ញុំក៏សន្និដ្ឋានថា ខ្ញុំប្រហែលជាភ្លេចរបស់អ្វីមួយ នៅច្រកត្រួតពិនិត្យហើយ​។ ខ្ញុំក៏បានទៅជួបភ្នាក់ងារអាកាសចរម្នាក់ ដែលនៅទីនោះ ដែលបានប្រាប់ខ្ញុំឲ្យលើកទូរស័ព្ទពណ៌ក្រហម។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងហើយដែលឈ្មោះ អាននេ សេតាស ហើយហេតុអ្វីបានជាគេហៅឈ្មោះខ្ញុំ។ ខ្ញុំក៏រកមើលទូរស័ព្ទ ដើម្បីចុចនិយាយ តែអ្នក​ប្រតិបត្តិការរូបនោះ បាននិយាយថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ខ្ញុំក៏ប្រាប់គាត់ថា “ឈ្មោះនោះជាឈ្មោះខ្ញុំហើយតើ”។ តែគាត់នៅតែនិយាយដដែលថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ក្រោយមក ខ្ញុំនៅតែមិនដឹងថា ហេតុអ្វីបានជាខ្ញុំ ឮសម្លេងគេហៅឈ្មោះខ្ញុំ នៅថ្ងៃនោះឡើយ។

នៅសម័យបុរាណ មានក្មេងប្រុសម្នាក់​ឈ្មោះ សាំយ៉ូអែល​ក៏បានឮសម្លេងគេ “ហៅឈ្មោះ”​ ផងដែរ (១សាំយ៉ូអែល ៣:៤)។ ព្រះគម្ពីរបានចែងថា គាត់ “​មិន​ទាន់​ស្គាល់​ព្រះយេហូវ៉ា​នៅ​ឡើយ​ទេ ព្រះបន្ទូល​នៃ​ទ្រង់​ក៏​មិន​ទាន់​បាន​សំដែង​មក​ឲ្យ​ដឹង​ដែរ”(ខ.៧) ដូចនេះ លោកអេលីដែលជាពួកសង្ឃ នៃព្រះវិហារព្រះអម្ចាស់ ត្រូវតែជួយប្រាប់គាត់ថា នរណាកំពុងតែហៅឈ្មោះគាត់ (ខ.៨-៩)។ បន្ទាប់មក ព្រះទ្រង់ក៏បានបើកសម្តែងផែនការទ្រង់ សម្រាប់ជីវិតរបស់លោកសាំយ៉ូអែល។

យ៉ាងណាមិញ ព្រះអម្ចាស់ក៏មានផែនការសម្រាប់យើងផងដែរ ហើយទ្រង់បានមានបន្ទូលមកកាន់ចិត្តយើងម្នាក់ៗថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ នេះហើយជាការត្រាសហៅ ដែលទ្រង់មានចំពោះយើង ដើម្បីឲ្យយើងទទួលអំណោយនៃសេចក្តីសង្រ្គោះ ការសម្រាក និងសន្តិភាពពីទ្រង់។ ព្រះសង្គ្រោះកំពុងតែត្រាសហៅឲ្យយើង​មករកទ្រង់។–Anne Cetas