កាលពីពេលថ្មីៗនេះ មានបេសកជនម្នាក់ បានមកចូលរួមការសិក្សាព្រះគម្ពីរ ជាមួយនឹងខ្ញុំដែរ។ គាត់បានចែកចាយ អំពីអារម្មណ៍ដែលគាត់មាន នៅពេលដែលគាត់រៀបចំឥវ៉ាន់ ចាកចេញពីកន្លែងដែលនៅក្បែរញាតិមិត្ត ទៅរស់នៅក្នុងប្រទេសមួយទៀត ដែលនៅឆ្ងាយ។ ពេលដែលគាត់ និងក្រុមធើ្វដំណើរជាមួយក្រុមគ្រួសារមកដល់ទីនោះហើយ ពួកគាត់ក៏បានទទួលការស្វាគមន៍ ពីទិដ្ឋភាពនៃការជួញដូរគ្រឿងញៀន និងដងវិថីដ៏គ្រោះថ្នាក់។ រនាំងនៃភាសាបាននាំមកនូវភាពឯកកោសម្រាប់ក្រុមគ្រួសារគាត់។ ជាងនេះទៅទៀត ពួកគាត់បានឆ្លងមេរោគក្រពះបួនប្រភេទខុសៗគ្នា ដែលកាន់តែធ្វើឲ្យមានភាពយ៉ាប់យឺន។ ហើយកូនស្រីច្បងរបស់គាត់ ស្ទើរតែបាត់បង់ជីវិត ដោយសារធ្លាក់តាមចន្លោះប្រកាន់ដៃជណ្តើរដែលគ្មានសុវត្ថិភាព។ ដូចនេះ ពួកគាត់ត្រូវការការអធិស្ឋានរបស់យើងរាល់គ្នា។
សាវ័កប៉ុលបានពិសោធនឹងគ្រោះថ្នាក់ និងទុក្ខលំបាក ក្នុងនាមជាបេសកជន។ គាត់ត្រូវគេចាប់ដាក់គុក គាត់បានជួបគ្រោះថ្នាក់សំពៅលិច ហើយក៏ត្រូវគេវាយធ្វើបាបទៀត។ ដូចនេះ វាជារឿងធម្មតាទេ ដែលសំបុត្ររបស់គាត់ ក៏មានការសុំឲ្យគេអធិស្ឋានឲ្យគាត់ផងដែរ។ គាត់បានសុំពួកជំនុំនៅក្រុងថែស្សាឡូនិច ឲ្យអធិស្ឋានសូមឲ្យការផ្សាយដំណឹងល្អមានជោគជ័យ និយាយរួមគឺ អធិស្ឋានសូមឲ្យព្រះបន្ទូលនៃព្រះអម្ចាស់ “បានផ្សាយចេញទៅ ហើយបានដំកើងឡើង”(២ថែស្សាឡូនិច្ច ៣:១) ហើយសូមឲ្យទ្រង់ប្រោសគាត់ឲ្យ “បានរួចពីមនុស្សវៀច និងពីមនុស្សអាក្រក់ចេញ”(ខ.២)។ សាវ័កប៉ុលដឹងថា គាត់ចាំបាច់ត្រូវ “បើកមាត់គាត់ដោយក្លាហាន” នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ(អេភេសូរ ៦:១៩) ដែលនេះក៏ជាសំណូរពរអធិស្ឋានរបស់គាត់ផងដែរ។
តើអ្នកបានដឹង អំពីគ្រីស្ទបរិស័ទដែលត្រូវការជំនួយដ៏អស្ចារ្យពីព្រះ នៅពេលដែលពួកគេផ្សាយដំណឹងល្អនៃព្រះគ្រីស្ទឬទេ? នោះសូមនឹកចាំអំពីការដែលសាវ័កប៉ុលបានស្នើរសុំថា “បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង” (២ថែស្សាឡូនិច្ច ៣:១) ហើយទូលអង្វរ ឲ្យពួកគេនៅចំពោះមុខបល្ល័ង្កនៃព្រះនៃយើង ដ៏មានអំណាចចេស្តា។ –Jennifer Benson Schuldt