មានពេលមួយ ខ្ញុំបានជួបស្ត្រីដ៏រួសរាយម្នាក់ ឈ្មោះ “មុមម៉ា ឆាលី(Momma Charlie)” ដែលបានចិញ្ចឹមក្មេងៗជាង១០នាក់។ ក្មេងៗទាំងអស់នេះ សុទ្ធតែត្រូវបានទទួលការសម្រេចរបស់តុលាការ ឲ្យមករស់នៅមួយគាត់ ហើយគាត់ក៏បានឲ្យពួកគេមានផ្ទះស្នាក់នៅ ដោយមានភាពលំនឹង ការណែនាំ និងសេចក្តីស្រឡាញ់។ គាត់បានប្រាប់ខ្ញុំថា ជារៀងរាល់ពេលដែលមានក្មេងថ្មីចូលមករស់នៅ កិច្ចការសំខាន់ទីមួយរបស់គាត់ គឺត្រូវពន្យល់ក្មេងនោះ អំពី “បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា” ដែលរួមមាន ខ្នាតគំរូនៃអាកប្បកិរិយ៉ា ព្រមទាំងការជួយកិច្ចការក្នុងផ្ទះដ៏មមាញឹក ទន្ទឹមនឹងពេលដែលគាត់បណ្តុះបណ្តាលក្មេងៗទាំងនោះ អំពីការទទួលខុសត្រូវ។
ក្មេងខ្លះពិបាកនឹងទទួលយក “បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា” ដោយគិតថា បទបញ្ជាទាំងនោះបានរារាំងពួកគេ មិនឲ្យមានការកម្សាន្ត និងការសប្បាយ ប៉ុន្តែ នេះមិនមែនជាការពិតទេ។ ខ្នាតគំរូនេះបាននាំឲ្យផ្ទះសម្បែងរបស់ពួកគេមានសណ្តាប់ធ្នាប់ ហើយធ្វើឲ្យអ្នកស្រីមុមម៉ា និងក្មេងៗអាចរកបាននូវការរស់នៅដ៏សប្បាយរីករាយ និងសុខសាន្ត។
យ៉ាងណាមិញ អ្នកខ្លះបានយល់ថា ខ្នាតគំរូដែលព្រះបានដាក់ នៅក្នុងព្រះគម្ពីរ គឺជាឧបស័គ្គដែលរារាំងយើង មិនឲ្យអរសប្បាយនឹងជីវិត។ ទោះជាយ៉ាងណាក៏ដោយ តាមពិត ព្រំដែនកំណត់ដែលព្រះបានដាក់ គឺដើម្បីការពារយើង មិនឲ្យប្រព្រឹត្តអំពើបាប ហើយជួយឲ្យយើងមានការឆ្លើយតបយ៉ាងត្រឹមត្រូវ ចំពោះទ្រង់។
ឧទាហរណ៍ នៅក្នុងបទគម្ពីរ អេភេសូរ ជំពូក៤ សាវ័កប៉ុលបានផ្តល់ឲ្យនូវការណែនាំខ្លះ អំពីរបៀបដែលយើងត្រូវរស់នៅ។ ពេលដែលយើងរស់នៅ តាមការបង្រៀនប្រកបដោយសេចក្តីស្រឡាញ់របស់ព្រះ យើងនឹងទទួលបាននូវការការពារ និងមានឱកាសទទួលបាននូវអំណរដ៏ពិត និងស្ថិតស្ថេរ។–Bill Crowder