ក្នុងរដូវក្តៅ កាលពីឆ្នាំមុន ខ្ញុំ និងស្វាមីរបស់ខ្ញុំ បានបើកកម្មវិធីប្រគុំតន្រ្តី និងរៃអង្គាសប្រាក់ សម្រាប់ការស្រាវជ្រាវជម្ងឺមហារីកកុមារ។ ពេលនោះ យើងមានគម្រោងធ្វើកម្មវិធីនោះក្នុងទីធ្លាក្រោយផ្ទះយើង តែបន្ទាប់ពីយើងបានមើលការព្យាករណ៍ធាតុអាកាស យើងក៏មានការស្រង៉ាកចិត្ត។ ដូចនេះ ក្នុងរយៈពេល២ម៉ោង មុនពេលកម្មវិធីនេះចាប់ផ្តើម យើងក៏ចាប់ផ្តើមទូរស័ព្ទប្រាប់ភ្ញៀវរបស់យើង ជាង១រយនាក់ ដើម្បីជូនដំណឹងអំពីការផ្លាស់ប្តូរទីកន្លែងធ្វើកម្មវិធី។ ខណៈពេលដែលមិត្តភ័ក្រ និងក្រុមគ្រួសាររបស់យើងចាប់ផ្តើមដឹកជញ្ជូនអាហារ គ្រឿងតុបតែងកម្មវិធី និងឧបករណ៍យ៉ាងប្រញាប់ប្រញាល់ចេញពីផ្ទះយើង ទៅកន្លែងហាត់ប្រាណរបស់ព្រះវិហារយើង រ៉ូស៊ី(Rosie) កូនស្រីរបស់យើងក៏បានឈ្លាតឱកាសឱបឪពុករបស់នាង ហើយរំឭកគាត់ ជំនួសមុខឲ្យកូន និងចៅរបស់យើងថា “សូមលោកប៉ាក កុំព្រួយ យើងចាំជួយលោកប៉ាពីក្រោយខ្នងជានិច្ច”។
ពេលដែលយើងបានឮពាក្យសម្តីនេះ យើងមានការកម្សាន្តចិត្តយ៉ាងខ្លាំង ព្រោះការនេះបានរំឭកយើងថា យើងមិនមែននៅតែម្នាក់ឯងឡើយ។ ដូចមានគេពោលថា “ខ្ញុំនៅទីនេះស្រាប់ ខ្ញុំនឹងជួយបំពេញនៅត្រង់ចំណុចណា ដែលអ្នករំលង។ ខ្ញុំនឹងធ្វើជាភ្នែក និងដៃរបស់អ្នក”។ ពេលដែលពួកអ៊ីស្រាអែលកំពុងភាសខ្លួនចេញពីជីវិតជាទាសករ ក្នុងនគរអេស៊ីព្ទ ស្តេចផារ៉ោនបានបញ្ជាទ័ពរទេះចម្បាំង និងទ័ពសេះ ឲ្យដេញតាមពួកគេ (និក្ខមនំ ១៤:១៧)។ ប៉ុន្តែ “ទេវតានៃព្រះដែលបាននាំមុខពួកអ៊ីស្រាអែល ទ្រង់ក៏ត្រឡប់ទៅនៅខាងក្រោយវិញ ហើយបង្គោលពពកក៏ចេញពីមុខទៅនៅខាងក្រោយដែរ”(ខ.១៩)។ នេះជារបៀបដែលព្រះបំបាំង និងការពារពួកគេ ក្នុងរយៈពេលពេញមួយយប់នោះ។ នៅថ្ងៃបន្ទាប់ ទ្រង់ក៏បានញែកសមុទ្រក្រហម ដើម្បីឲ្យពួកគេអាចដើរកាត់សមុទ្រនោះ ដោយសុវត្ថិភាព។ ដូចនេះ ព្រះទ្រង់ក៏បានប្រាប់យើង “កុំឲ្យព្រួយបារម្ភ” ផងដែរ។ “បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន”(រ៉ូម ៨:៣១)។–Cindy Hess Kasper