កាលពីពេលថ្មីៗនេះ ខ្ញុំបានយល់ឃើញថា រូបថត និងវត្ថុអនុស្សាវរីយ៍ទាំងអស់ នៅក្នុងការិយ៉ាល័យរបស់ខ្ញុំ សុទ្ធតែតំណាងឲ្យពេលអតីតកាល។ ដូចនេះ ខ្ញុំក៏គិតចង់ប្រមូលរបស់ទាំងនោះទៅទុក តែទន្ទឹមនឹងនោះ ខ្ញុំក៏ចង់ដឹងផងដែរ ថាតើវត្ថុដែលរំឭកអំពីមនុស្ស ទីកន្លែង និងព្រឹត្តិការណ៍ពីអតីតកាល អាចមានប្រយោជន៍អ្វីផ្សេង ក្រៅពីជួយរំឭកអំពីពេលអតីតកាលដែលខ្ញុំចូលចិត្តនោះឬក៏អត់។ ដើម្បីជៀសវាងការស្អិតជាប់នឹង “អតីតកាល” នៃជីវិត ខ្ញុំចំាបាច់ត្រូវស្វែងយល់អំពីតម្លៃនៃវត្ថុទាំងនោះ ដែលវាមានចំពោះពេលបច្ចុប្បន្ន និងពេលអនាគត។
ពេលដែលរាស្រ្តរបស់ព្រះ បានឆ្លងកាត់ទន្លេរយ័រដាន់ ចូលទឹកដីសន្យាហើយ ទ្រង់បានបង្គាប់លោកយ៉ូស្វេ ដែលជាអ្នកដឹកនាំរបស់ពួកគេ ឲ្យជ្រើសរើសមនុស្សប្រុស១២នាក់ ឲ្យទៅរើសដុំថ្មម្នាក់មួយដុំៗ នៅកណ្តាលទន្លេនោះ ហើយយកថ្មទាំងនោះមកជំរុំរបស់ពួកគេ នៅពេលយប់នោះ(យ៉ូស្វេ ៤:១-៥)។ លោកយ៉ូស្វេក៏បានយកគ្រួសទាំងនោះមកតម្រៀបធ្វើជាទីសំគាល់ ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅពួកគេសួរថា “ថ្មទាំងនេះមានន័យដូចម្តេច?” នោះពួកគេអាចប្រាប់ អំពីសេចក្តីស្មោះត្រង់របស់ព្រះ ដែលបានទប់ទឹកនោះមិនឲ្យហូរ ពេលដែលពួកគេដើរឆ្លងទន្លេយ័រដាន់(ខ.៦-៧)។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ វាជាការប្រសើរណាស់ ដែលយើងមានវត្ថុសម្រាប់រក្សាទុកជាភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះបានជួយយើង កាលពីអតីកាល។ វត្ថុអនុស្សាវរីយទាំងនោះ បានរំឭកយើងថា សេចក្តីស្មោះត្រង់របស់ទ្រង់ នៅបន្តមានរហូតដល់ពេលសព្វថ្ងៃ សម្រាប់អ្នកដើរតាមទ្រង់ ដោយទំនុកចិត្ត ចូលទៅក្នុងពេលអនាគត។ “ដុំថ្ម”របស់យើង ក៏អាចជួយឲ្យអ្នកដទៃដឹងថា ព្រះហស្តរបស់ព្រះមានគ្រប់ចេស្តា ដោយបានលើកទឹកចិត្តយើង ឲ្យកោតខ្លាចព្រះដ៏ជាម្ចាស់នៃយើង ជារៀងរហូត(ខ.២៤)។
ការនឹកចាំអំពីការអ្វីដែលព្រះបានធ្វើសម្រាប់យើង អាចធ្វើជាថ្មជ្រុងយ៉ាងឯក ដើម្បីធ្វើគ្រឹះនៅពេលថ្ងៃនេះ និងថ្ងៃស្អែក។–David McCasland